
សហរដ្ឋអាមេរិក នៅថ្ងៃសុក្រ (ទី២៧ ខែតុលា) នេះ បាននិយាយថា ក្រុមហ៊ុនមួយចំនួននៅក្នុងប្រព័ន្ធទ្រព្យសកម្មឌីជីថល មិនធ្វើការឲ្យបានគ្រប់គ្រាន់នោះឡើយ ដើម្បីបញ្ឈប់លំហូរសាច់ប្រាក់ខុសច្បាប់ ជាប្រធានបទ ដែលស្ថិតនៅក្រោមការត្រួតពិនិត្យជាថ្មី បន្ទាប់ពីមានការវាយប្រហារបង្ហូរឈាម នៅក្នុងប្រទេសអ៊ីស្រាអែលដោយក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន។
ដោយនិយាយនៅឯព្រឹត្តិការណ៍ នាទីក្រុងឡុងដ្រ៍ ប្រទេសអង់គ្លេស អនុមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក Wally Adeyemo បានឲ្យដឹងថា «ភាគច្រើននៃស្ថាប័នហិរញ្ញវត្ថុ» ចង់ជួយលុបបំបាត់ការផ្តល់ហិរញ្ញប្បទានភេរវកម្ម។ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា «មានស្ថាប័ន ជាពិសេស (នៅក្នុង) ប្រព័ន្ធទ្រព្យសកម្មឌីជីថល ដែលចង់កែប្រែរបៀបថ្មីដោយមិនគិតពីផលវិបាករបស់វា ក្នុងនោះរួមទាំងការការពារប្រឆាំងនឹងលំហូរសាច់ប្រាក់ខុសច្បាប់» ផងដែរ។
សហរដ្ឋអាមេរិក កាលពីសប្តាហ៍មុន បានដាក់ចេញនូវទណ្ឌកម្មនានា ដែលមានគោលបំណងរារាំងដល់ការផ្តល់មូលនិធិ សម្រាប់ក្រុមហាម៉ាស ដោយកំណត់អត្តសញ្ញាណមនុស្សពាក់ព័ន្ធនឹងផលប័ត្រវិនិយោគរបស់ខ្លួន និងការប្តូររូបិយប័ណ្ណគ្រីបតូ ដែលមានមូលដ្ឋាននៅតំបន់ហ្គាហ្សា ក្នុងចំណោមគោលដៅផ្សេងទៀត៕