
បន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានប្រកាសឱ្យដឹងថា ប្រជាពលរដ្ឋចំនួន ៣១នាក់ទៀត ត្រូវបានរកឃើញឆ្លងមេរោគកូវីដ-១៩កាលពីថ្ងៃម្សិលមិញនេះ ខណៈអ្នកជំងឺកូវីដ-១៩ចំនួន ១៤០នាក់ ត្រូវបានព្យាបាលជាសះស្បើយ។
ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះ រដ្ឋបាលខេត្តបន្ទាយមានជ័យបញ្ជាក់ថា ករណីឆ្លងថ្មីទាំងអស់នេះ ត្រូវបានរកឃើញលើប្រជាពលរដ្ឋចំនួន ២៩នាក់នៅក្នុងក្រុងប៉ោយប៉ែត ហើយបន្ទាប់មកករណីឆ្លងចំនួន ៦នាក់ទៀត ត្រូវបានរកឃើញនៅលើប្រជាពលរដ្ឋបម្រើការងារនៅរោងចក្រហាយថិច (Hi-Tech) ស្ថិតនៅក្នុងស្រុកអូរជ្រៅ។
រដ្ឋបាលខេត្តបន្ទាយមានជ័យ ក៏បានរកឃើញករណីឆ្លងថ្មីកើតឡើងពលករខ្មែរចំនួន ៣នាក់ទៀត ដែលទើបវិលត្រឡប់មកពីប្រទេសថៃ ហើយ ២ករណីទៀត ត្រូវបានរកឃើញលើពលរដ្ឋនៅក្រុងសិរីសោភ័ណ។
ទន្ទឹមគ្នានេះ រដ្ឋបាលខេត្តនេះក៏បានប្រកាសឱ្យដឹងផងដែរថា អ្នកជំងឺកូវីដ-១៩ចំនួន ១៤០នាក់ទៀត ត្រូវបានអនុញ្ញាតឱ្យវិលត្រឡប់ទៅផ្ទះរបស់ពួកគេវិញ បន្ទាប់ត្រូវបានព្យាបាលជាសះស្បើយ៕