
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានជួបជាមួយរដ្ឋមន្ត្រីការបរទេសចិន នៅសេតវិមានកាលពីថ្ងៃសុក្រ ដើម្បីត្រៀមសម្រាប់ដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិកដែលអាចកើតមានឡើងដោយមេដឹកនាំចិនលោក Xi Jinping ខណៈប្រទេសទាំងពីរព្យាយាមបន្ធូរបន្ថយភាពតានតឹង។
លោក Biden បានអញ្ជើញលោក Xi ទៅកាន់ទីក្រុង San Francisco នៅខែក្រោយសម្រាប់កិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ប៉ុន្តែលោកក៏បានប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ចំពោះប្រទេសចិន ក្នុងដំណើរការបន្តការដាក់ទណ្ឌកម្ម និងនៅតែគាំទ្រសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកក្នុងជម្លោះជាមួយទីក្រុងប៉េកាំង។ សេតវិមានបាននិយាយថា លោក Biden បាននិយាយទៅកាន់អ្នកការទូតជាន់ខ្ពស់ចិន លោក Wang Yi ថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង ត្រូវតែគ្រប់គ្រងការប្រកួតប្រជែងក្នុងទំនាក់ទំនងប្រកបដោយការទទួលខុសត្រូវនិងរក្សាបាននូវបណ្តាញទំនាក់ទំនងដោយបើកចំហរ។ សេចក្តីថ្លែងការណ៍បន្ថែមថា ដោយជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស់ កំពុងបន្តឆាបឆេះនៅមជ្ឈិមបូព៌ា លោក Biden បានបញ្ជាក់ថា សហរដ្ឋអាមេរិក និងចិន ត្រូវតែធ្វើការរួមគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមជាសាកល។ អ្នកសារព័ត៌មានពុំត្រូវបានអនុញ្ញាតឲ្យចូលរួមក្នុងជំនួបនេះទេ ដែលក្នុងនោះរដ្ឋមន្ត្រីការបរទេសលោក Anthony Blinken និងទីប្រឹក្សាសន្តិសុខជាតិលោក Jake Sullivan ក៏មានវត្តមានផងដែរ។
អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិ លោក John Kirby បានប្រាប់អ្នកសារព័ត៌មានថា នៅមិនទាន់មានការបញ្ជាក់នៅឡើយទេថា លោក Xi នឹងអង្គុយជាមួយលោក Biden នៅទីក្រុង San Francisco ឬយ៉ាងណា។ ប៉ុន្តែលោកបាននិយាយថា ជំនួបរយៈពេលមួយម៉ោងនៅក្នុងបន្ទប់ Roosevelt របស់សេតវិមានគឺជាការវិវឌ្ឍន៍វិជ្ជមាន និងជាឱកាសដ៏ល្អប្រសើរដើម្បីធ្វើឲ្យការសន្ទនានៅបន្ត។