នគរបាលនៅក្នុងរដ្ឋ Maine បានដកចេញបទបញ្ជាដែលបានឲ្យមនុស្សរាប់ម៉ឺននាក់ស្នាក់នៅតែក្នុងលំនៅឋានរបស់ពួកគេ ខណៈមន្រ្តីរាប់រយនាក់បានបន្តតាមចាប់ខ្លួនលោក Robert R. Card ដែលត្រូវបានគេសង្ស័យក្នុងការបាញ់ប្រហារទ្រង់ទ្រាយធំបណ្តាលឲ្យមនុស្ស ១៨នាក់ស្លាប់នៅរង្គសាលមួយកន្លែងនិងកន្លែងបោះប៊ូលីង នៅទីក្រុង Lewiston ក្នុងសប្តាហ៍នេះ។ បទបញ្ជាឲ្យស្នាក់នៅតែក្នុងផ្ទះ ត្រូវបានដាក់ភ្លាមៗ បន្ទាប់ពីការបាញ់រះកាលពីយប់ថ្ងៃពុធ ទី២៥ ខែតុលា។
លោក Mike Sauschuck ស្នងការនៃនាយកដ្ឋានសុវត្ថិភាពសាធារណៈរដ្ឋ Maine បាននិយាយក្នុងសន្និសីទសារព័ត៌មានថា ការបរបាញ់សត្វក្តាន់ ក៏ត្រូវបានហាមឃាត់នៅក្នុងទីក្រុងចំនួន៤ នៅជិតទីតាំងបាញ់ប្រហារ រហូតដល់មានការជូនដំណឹងបន្ថែមទៀត ទោះបីជាវាត្រូវបានអនុញ្ញាតនៅក្នុងរដ្ឋផ្សេងទៀតក៏ដោយ។ លោក Sauschuck និយាយថា ជនរងគ្រោះទាំង១៨នាក់ ត្រូវបានកំណត់អត្តសញ្ញាណ រួចហើយ ដោយបង្ហាញឈ្មោះ និងអាយុរបស់ពួកគេដែលមានចាប់ពី ១៤ឆ្នាំ ដល់៧៦ឆ្នាំ។ រូបថតជនរងគ្រោះមួយចំនួនត្រូវបានបង្ហាញនៅក្នុងសន្និសីទសារព័ត៌មាន។ កាលពីថ្ងៃសុក្រ ការស្វែងរក លោក Card បានពង្រីកទីតាំងដល់ដែនទឹកនៅទន្លេ Androscoggin ។ ក្រុមអ្នកមុជទឹក ត្រូវបានគេដាក់ពង្រាយ ហើយមនុស្សយន្ត និងឧបករណ៍ស្វែងរក ត្រូវបានប្រើប្រាស់ក្នុងការតាមស្វែងរកទាហានបម្រុងកងទ័ពជើងគោកសហរដ្ឋអាមេរិករូបនេះ។ ក្រុមអ្នកស៊ើបអង្កេត បានផ្តោតទៅលើទន្លេដែលជាទីតាំងចុងក្រោយគេ របស់លោក Card ដែលរថយន្ត SUV ពណ៌សមួយគ្រឿងត្រូវបានរកឃើញបោះបង់ចោលនៅចំណតទូក។ ផ្លូវនៅទីក្រុង Lewiston គ្មានមនុស្សដើរនោះទេ ហើយអាជីវកម្មត្រូវបានបិទទ្វារ ខណៈពលរដ្ឋរាប់ម៉ឺននាក់ត្រូវបានបញ្ជាឱ្យស្នាក់នៅនឹងកន្លែង។ មន្ត្រីបានបញ្ជាក់ថា ការតាមស្វែងរក អាចមានរយៈពេលជាច្រើនថ្ងៃបន្ទាប់ពីការឆែកឆេរផ្ទះរបស់ជនសង្ស័យ បានបង្ហាញថាគ្មាននរណាម្នាក់នៅខាងក្នុងនោះទេ។