
កំពត៖ រដ្ឋបាលខេត្តកំពត បានប្រកាសពីការរកឃើញប្រជាពលរដ្ឋ ៥៩នាក់ទៀតឆ្លងមេរោគកូវីដ-១៩ ដែលសុទ្ធតែពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។
ក្នុងសេចក្ដីជូនដំណឹងនៅថ្ងៃនេះ រដ្ឋបាលខេត្តកំពតបញ្ជាក់ថា ករណីឆ្លងថ្មីទាំងនេះ ត្រូវបានរកឃើញលើប្រជាពលរដ្ឋ ១៤នាក់នៅស្រុកកំពង់ត្រាច ហើយស្រុកអង្គរជ័យ ក៏បានរកឃើញប្រជាពលរដ្ឋ ១៤នាក់ទៀតឆ្លងកូវីដ-១៩ផងដែរ។
ចំណែកឯក្រុងកំពត រដ្ឋបាលខេត្តនេះបញ្ជាក់ថា បានរកឃើញពលរដ្ឋ ១២នាក់ទៀត ឆ្លងកូវីដ-១៩ ខណៈស្រុកទឹកឈូ រកឃើញករណីឆ្លងថ្មីចំនួន ៩នាក់។
រដ្ឋបាលខេត្តកំពត ឱ្យដឹងទៀតថា ស្រុកបន្ទាយមាស រកឃើញករណីឆ្លងថ្មីចំនួន ៦នាក់ទៀត ហើយបន្ទាប់មកស្រុកជុំគិរីរកឃើញពលរដ្ឋ ៣នាក់ទៀតឆ្លងមេរោគកូវីដ-១៩ ខណៈស្រុកឈូករកឃើញ ១ករណីថ្មី៕