ទូរទស្សន៍រដ្ឋរបស់ប្រទេសចិន បានរាយការណ៍ថា អតីតនាយករដ្ឋមន្ត្រីលោក លី ឃើឈាង(Li Keqiang) បានបន្តគាំទ្រការដឹកនាំរបស់គណបក្ស ដោយផ្តោតជាសំខាន់លើប្រធានាធិបតី លោក Xi Jinping ទោះបីបន្ទាប់ពីលោក បានចុះចេញពីតំណែងក៏ដោយ។ ទូរទស្សន៍កណ្តាលចិន បានរាយការណ៍អំពីការមរណភាពរបស់លោក Li ប្រហែល ១០ នាទី ជារឿងរ៉ាវព័ត៌មានសំខាន់បំផុតមួយរបស់ខ្លួនកាលពីយប់ថ្ងៃសុក្រ។ ទូរទស្សន៍ បានពណ៌នាលោក Li ថា ជាមេដឹកនាំឆ្នើមរបស់បក្ស និងប្រទេស និងបាននិយាយផងដែរថា លោកបានកសាងរចនាសម្ព័ន្ធអភិវឌ្ឍន៍ថ្មី និងជំរុញការអភិវឌ្ឍន៍កម្រិតខ្ពស់ ក្នុងពេលមានបញ្ហាប្រឈមមួយចំនួនដូចជាជំងឺរាតត្បាតនៃវីរុសកូរ៉ូណា និងការធ្លាក់ចុះនៃសេដ្ឋកិច្ច។ ការផ្សាយអំពីលោក Li បានស្ថិតក្នុងលំដាប់ទី៣ នៅក្នុងព័ត៌មាន បន្ទាប់ពីសេចក្តីរាយការណ៍ស្តីពីប្រធានាធិបតី Xi និងនាយករដ្ឋមន្ត្រីលោក Li Qiang ។ លោក Li ដែលមានសញ្ញាប័ត្របណ្ឌិតសេដ្ឋកិច្ចបានទទួលបន្ទុកកិច្ចការគោលនយោបាយសេដ្ឋកិច្ចរបស់ប្រទេសចិន។ គំនិតរបស់លោក ពេលខ្លះត្រូវបានគេដាក់ឈ្មោះថា «Likonomics» ។ លោក Li បានចាប់ផ្តើមអាជីពនយោបាយរបស់លោកនៅពេលដែលលោក បានចូលរួមជាមួយសម្ព័ន្ធយុវជនកុម្មុយនិស្តចិន។ អតីតប្រធានាធិបតី លោក ហ៊ូ ជីនតាវ( Hu Jintao) ដែលមកពីសម្ព័ន្ធយុវជនផងដែរនោះ ត្រូវបានគេនិយាយថា បានគិតគូរយ៉ាងខ្លាំងចំពោះលោក Li និងជឿជាក់លើលោក។ លោក Li បានជាប់ឆ្នោតនៅក្នុងឆ្នាំ ២០០៧ ជាសមាជិកនៃគណៈកម្មាធិការអចិន្ត្រៃយ៍ការិយាល័យនយោបាយរបស់គណបក្ស រួមជាមួយប្រធានាធិបតីបច្ចុប្បន្ន លោក Xi Jinping ។ លោក Li ធ្លាប់ត្រូវបានគេមើលឃើញថាជាគូប្រជែងរបស់លោក Xi ដើម្បីបន្តតំណែងពីលោក ហ៊ូ ជីនតាវ ប៉ុន្តែ លោក Xi បានឡើងកាន់តំណែងក្នុងអំឡុងពេលសមាជបក្សក្នុងឆ្នាំ ២០១២ ហើយលោក Li បានកាន់តំណែងលេខរៀងទីពីរ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំបន្តបន្ទាប់ លោក Xi បានពង្រឹងមូលដ្ឋានអំណាចរបស់លោក ដោយដកចេញក្រុមប្រឆាំង និងចលនាដែលអាចរិះគន់គោលនយោបាយរបស់លោក ក្រោមបដាប្រឆាំងអំពើពុករលួយ។ អាជ្ញាធរចិន ត្រូវបានគេគិតថា មានភាពរសើបចំពោះប្រព័ន្ធផ្សព្វផ្សាយបរទេស ដែលបង្ហាញពីការប្រជែងគ្នារវាងមេដឹកនាំទាំងពីរ។