អន្តរជាតិ៖ ករណីឆ្លងសរុបជំងឺ COVID-19នៅអាមេរិកឡាទីន បានកើនឡើងជាង ៣៤.០៥លាននាក់ គិតត្រឹមថ្ងៃអាទិត្យម្សិលមិញ ក្នុងនោះ ប្រេស៊ីលឈរនាំមុខគេក្នុងនាមជាប្រទេស រងផលប៉ះពាល់ខ្លាំងជាងគេបំផុត នៅក្នុងទ្វីបមួយនេះ។
ក្រសួងសុខាភិបាលប្រេស៊ីល រាយការណ៍ថា គិតត្រឹមថ្ងៃអាទិត្យប្រេស៊ីល រាយការណ៍ករណីស្លាប់ថ្មីដោយសារជំងឺ COVID-19ចំនួន ៨៧៣នាក់បន្ថែមទៀត ធ្វើឲ្យករណីស្លាប់នៅក្នុងប្រទេសមួយនេះ កើឡើងដល់ ៤៧៣.៤០៤នាក់។
ប្រេស៊ីល រាយការណ៍ផងដែរ ករណីឆ្លងថ្មី ៣៩.៦៣៧នាក់ ធ្វើឲ្យករណីឆ្លងសរុបនៅក្នុងប្រទេសមួយនេះ កើនឡើងដល់ ១៦.៩៤៧.០៦២នាក់។
មកទល់នឹងពេលនេះ ប្រេស៊ីលបន្តឈរឈ្មោះជាប្រទេសលំដាប់ទី២នៅលើពិភពលោក មានករណីស្លាប់ច្រើនជាងគេបំផុតដោយសារការរីករាលដាលឆ្លងសកលជំងឺ COVID-19បន្ទាប់ពីសហរដ្ឋអាមេរិក និងឈរនៅលំដាប់លេខ ៣បន្ទាប់ពីសហរដ្ឋអាមេរិក និងឥណ្ឌា មានករណីឆ្លងច្រើនបំផុត ។
ខណៈពេលនោះដែរអាហ្សង់ទីនរាយការណ៍ករណីឆ្លងថ្មីជំងឺ COVID-19ចំនួន ១៦.៤១៥នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ ធ្វើឲ្យករណីឆ្លងសរុបកើនឡើងដល់ ៣.៩៥៥.៤៣៩នាក់។
អាហ្សង់ទីន រាយការណ៍ករណីស្លាប់ថ្មី ៣៤៧នាក់ ធ្វើឲ្យករណីស្លាប់នៅទូទាំងប្រទេស កើនឡើងដល់ ៨១.២១៤នាក់ ។
ដោយឡែក ឈីលី រាយការណ៍ករណីឆ្លងថ្មីជំងឺ COVID-19 ចំនួន ៧.៧៦៨នាក់ និងករណីស្លាប់ថ្មី ១២១នាក់ ធ្វើឲ្យករណីឆ្លងសរុបនៅក្នុងប្រទេសមួយនេះ កើនឡើងដល់ ១.៤២៧.៩៥៦នាក់ និងករណីស្លាប់ ២៩.៩៣៧នាក់៕ អត្ថបទ៖ សារ៉ាត់