
ប្រជាជននូវ៉ែលសេឡង់រាប់ពាន់នាក់ បានប្រមូលផ្តុំគ្នានៅក្នុងរដ្ឋធានី Wellington នៅថ្ងៃសៅរ៍ (ទី២៨ ខែតុលា)នេះ ដោយដើរដង្ហែទៅកាន់សភា ដើម្បីគាំទ្រប្រជាជនប៉ាឡេស្ទីន។
អ្នកដែលបានចូលរួមការជួបជុំនោះ កាន់បដាដែលសរសេរថា «ប៉ាឡេស្ទីនសេរី» និងទង់ជាតិប៉ាឡេស្ទីន ខណៈដែលពួកគេ កំពុងស្រែកបន្ទរ។
ក្រសួងសុខាភិបាលនៅហ្គាហ្សាគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយថា ជនជាតិប៉ាឡេស្ទីនសរុបចំនួន ៧០៤នាក់ ក្នុងនោះមានកុមារចំនួន ៣០៥ នាក់ត្រូវបានសម្លាប់ កាលពីថ្ងៃអង្គារ (២៤ តុលា) ជាចំនួនដែលការិយាល័យUNសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ បាននិយាយថា គឺជាការរាយការណ៍ខ្ពស់បំផុតក្នុងរយៈពេលតែមួយថ្ងៃ ចាប់តាំងពីជម្លោះ បានចាប់ផ្តើមជិត៣សប្តាហ៍កន្លងទៅនេះ។
អ៊ីស្រាអែល បានបើកការវាយប្រហារលើតំបន់ហ្គាហ្សា បន្ទាប់ពីពួកសកម្មប្រយុទ្ធហាម៉ាស បានវាយប្រហារទីក្រុងភាគខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ក្នុងការវាយលុក ដែលបានសម្លាប់មនុស្ស១.៤០០នាក់ ដែលភាគច្រើន ជាជនស៊ីវិល។