ជនអន្តោប្រវេសន៍ ៤៩នាក់ ត្រូវបានជួយសង្រ្គោះដោយនាវាអង្គការក្រៅរដ្ឋាភិបាល(NGO)នៅជិតតំបន់ឆ្នេរប្រទេសអ៊ីតាលី ហើយមនុស្ស ៤នាក់ផ្សេងទៀត ត្រូវបានប្រទះឃើញស្លាប់ ។
នាវាសង្រ្គោះ Sea-Eye បានរកឃើញអន្តោប្រវេសន៍នៅក្នុងទូកពោង ក្រោយការទូរស័ព្ទសុំជំនួយបន្ទាន់ ពីទូកដឹកអន្តោប្រវេសន៍ ។

នាវា Sea-Eye បាននិយាយថា នាវាឆ្មាំល្បាតឆ្នេរលីប៊ី បាននៅទីកន្លែងកើតហេតុរួចទៅហើយ ពេលដែលក្រុមនាវិករបស់ពួកគេបានទៅដល់ ហើយនិងបានជំរុញឲ្យនាវាសប្បុរសធម៌ចាកចេញពីទីនោះ ។
យោងតាមការបញ្ជាក់របស់នាវា Sea-Eye បានឲ្យដឹងថា នៅក្នុងចំណោមជនអន្តោប្រវេសន៍ គឺជាស្រ្តីមានផ្ទៃពោះម្នាក់ដែលស្ទើផុតដង្ហើមទៅហើយ និងមនុស្ស ៣នាក់ទៀត សន្លប់ ។

NGO បាននិយាយថា ពួកគេបានស្នើសុំជាច្រើនលើកឲ្យមានការជម្លៀសបន្ទាន់ចេញពីមជ្ឈមណ្ឌលសង្រ្គោះ សមុទ្រអ៊ីតាលី ប៉ុន្តែគ្មានអ្នកអើពើនោះទេ ហើយពួកគេនិយាយប្រាប់ឲ្យទៅកាន់មជ្ឈមណ្ឌលគ្រប់គ្រងទុក្ខព្រួយដែនសមុទ្រលីប៊ី និងសេវាកម្មព្យាបាលតាមទូរស័ព្ទរបស់អ៊ីតាលីជំនួសវិញ ។
ក្រោយមក អ៊ីតាលី បានណែនាំឲ្យនាវា Sea-Eye បន្តដំណើរទៅកាន់កំពង់ផែ Vibo Valentia ដើម្បីដាក់ចុះជនអន្តោប្រវេសន៍ដែលត្រូវបានជួយសង្រ្គោះ ៕