កាលពីថ្ងៃសៅរ៍ (២៨ តុលា) មនុស្សម្នាជាច្រើនបានតម្រង់ជាជួរយ៉ាងវែងនៅស្ថានីយ៍សេវាកម្មឥន្ធនៈក្នុងទីក្រុង Buenos Aires និងទីក្រុងផ្សេងទៀតក្នុងប្រទេសអាហ្សង់ទីន ដោយសារកង្វះខាតប្រេងឥន្ធនៈធ្ងន់ធ្ងរ។

ការតម្រង់ជួរដ៏វែងនេះ បានបង្កឱ្យមានការខឹងសម្បារក្នុងចំណោមប្រជាពលរដ្ឋ ដែលភាពតានតឹងរួចទៅហើយ ដោយវិបត្តិសេដ្ឋកិច្ចជាមួយនឹងអតិផរណាជិត ១៤០% និងបញ្ហារូបិយប័ណ្ណ ដែលបានបាត់បង់តម្លៃរហូតដល់ទៅ ៤២% នៅឆ្នាំនេះផងដែរ។

រដ្ឋាភិបាលអាហ្សង់ទីន បាននិយាយថាមូលហេតុនៃកង្វះខាតនេះ គឺដោយសារវិបត្តិទេសចរណ៍ក្នុងអំឡុងពេលចុងសប្តាហ៍ ហើយនិងពាក្យចចាមអារ៉ាមអំពីកំណើនតម្លៃទំនិញ ដែលអាចកើតមាន បន្ទាប់ពីការបោះឆ្នោតប្រធានាធិបតី កាលពីថ្ងៃទី២២ ខែតុលា។
រដ្ឋាភិបាល និងក្រុមហ៊ុនប្រេងកាលពីថ្ងៃសៅរ៍បាននិយាយថា ការដឹកជញ្ជូនប្រេងឥន្ធនៈកំពុងចាប់ផ្តើមមកដល់ក្នុងប្រទេស ហើយបន្ថែមថាកង្វះខាតគួរតែត្រូវបានបន្ធូរបន្ថយនៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះផងដែរ៕