កងកម្លាំងអ៊ីស្រាអែល បានធ្វើប្រតិបត្តិការជើងគោកប្រឆាំងនឹងក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា នៅថ្ងៃអាទិត្យ (២៩ តុលា) នេះ នៅក្នុងអ្វីដែលនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានហៅថា ជាដំណាក់កាលទីពីរនៃសង្រ្គាម ដែលមានរយៈពេលបីសប្តាហ៍ ក្នុងគោលបំណងកម្ទេចក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន មួយនេះឲ្យបាត់ពីផែនដី។

អ្នកស្រុកដែលត្រូវបានឡោមព័ទ្ធនៅតំបន់ហ្កាហ្សា ប្រឈមមុខនឹងការកាត់ផ្ដាច់ទំនាក់ទំនង និងការដាច់អ៊ីនធឺណិតទាំងស្រុង ខណៈយន្តហោះចម្បាំងរបស់អ៊ីស្រាអែល បានបន្តទម្លាក់គ្រាប់បែក ហើយកងទ័ព និងរថពាសដែករបស់ខ្លួន បានសម្រុកចូលទៅក្នុងតំបន់ ដែលគ្រប់គ្រងដោយក្រុមហាម៉ាស មួយនេះ ខណៈប្រមុខយោធាអ៊ីស្រាអែល ផ្តល់សញ្ញាថា ពួកគេកំពុងត្រៀមលក្ខណៈសម្រាប់ការវាយលុកថ្មើរជើងបន្ថែមទៀត។

ដោយថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង Tel Aviv កាលពីថ្ងៃសៅរ៍ លោកនាយករដ្ឋមន្រ្តី Netanyahu បានព្រមានពលរដ្ឋអ៊ីស្រាអែល ឱ្យរំពឹងថា នឹងមានយុទ្ធនាការ «ដ៏វែង និងរឹងមាំ» ប៉ុន្តែបានបញ្ឈប់ការហៅការវាយប្រហារនាពេលបច្ចុប្បន្ននេះ ថាជាការឈ្លានពាន។ ក្រុមមន្ត្រីអាមេរិកបាននិយាយថា ក្រុមជំនួយការរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន មួយចំនួនបានណែនាំសមភាគីអ៊ីស្រាអែល ឱ្យបញ្ឈប់ការវាយលុកភ្លាមៗនេះ។

បណ្តាប្រទេសលោកខាងលិច ជាទូទៅបានគាំទ្រនូវអ្វីដែលពួកគេនិយាយថា ជាសិទ្ធិរបស់អ៊ីស្រាអែលក្នុងការការពារខ្លួន ប៉ុន្តែក៏មានការតវ៉ាជាអន្តរជាតិកាន់តែខ្លាំងឡើង ជុំវិញចំនួនអ្នកស្លាប់ដ៏លើសលប់ពីការទម្លាក់គ្រាប់បែក និងការអំពាវនាវកាន់តែខ្លាំងឡើងសម្រាប់ «ការផ្អាកសង្រ្គាមសម្រាប់មនុស្សធម៌» ដើម្បីអនុញ្ញាតឱ្យជំនួយទៅដល់ជនស៊ីវិលនៅតំបន់ហ្កាហ្សា និងបន្ធូរបន្ថយវិបត្តិមនុស្សធម៌នៅក្នុងតំបន់នោះផងដែរ៕