តារាសម្ដែងដ៏មានប្រជាប្រិយភាពម្នាក់ លោក Matthew Perry ដែលជាតារាសំណព្វចិត្តរបស់កម្មវិធីទូរទស្សន៍ដ៏ល្បីបំផុតក្នុងទសវត្សរ៍ឆ្នាំ១៩៩០ របស់សហរដ្ឋអាមេរិក គឺកម្មវិធី «Friends» ដែលបានសម្ដែងជាតួអង្គកំប្លុកកំប្លែងឈ្មោះ Chandler Bing បានទទួលមរណភាពកាលពីថ្ងៃសៅរ៍ (២៨ តុលា) បន្ទាប់ពីបានលង់ទឹកក្នុងអាងទឹកក្តៅ នៅវ័យ ៥៤ឆ្នាំ។

សារព័ត៌មាន LA Times និងសារព័ត៌មាន TMZ ដែលដកស្រង់ប្រភពពីសមត្ថកិច្ចបានរាយការណ៍ថា តារាសំដែងជនជាតិកាណាដា សញ្ជាតិអាមេរិក រូបនេះ ត្រូវគេប្រទះឃើញថាបានស្លាប់ នៅក្នុងអាងហែលទឹកមួយនៅក្នុងផ្ទះរបស់ខ្លួន ក្នុងទីក្រុង Los Angeles សហរដ្ឋអាមេរិក។

ទូរទស្សន៍ NBC ដែលចាក់ផ្សាយកម្មវិធី «Friends» នេះអស់រយៈពេល ១០ឆ្នាំមកហើយនោះ បានបញ្ជាក់ពីមរណភាពរបស់លោក Perry នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ។
ដំណឹងនេះបាននាំមកនូវការសោកស្ដាយពីសំណាក់តារាល្បីៗ និងបុគ្គលល្បីៗផ្សេងទៀត។ នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau ដែលជាអតីតមិត្តរួមសាលារបស់លោក Perry នៅទីក្រុង Ottawa បានពណ៌នាការស្លាប់របស់លោកថា «ជារឿងគួរឱ្យតក់ស្លុត និងសោកសៅបំផុត»។

លោក Perry ទទួលបានភាពល្បីល្បាញតសម្រាប់តួនាទីដ៏យូរអង្វែងរបស់ខ្លួនជាតួអង្គឈ្មោះ Chandler ក្នុងកម្មវិធី «Friends» ដែលទទួលបានជោគជ័យជាអន្តរជាតិ និងបានដំណើរការចំនួន ១០រដូវកាល ពីឆ្នាំ ១៩៩៤ ដល់ឆ្នាំ២០០៤។
កម្មវិធីនេះ គឺជាកម្មវិធីទូរទស្សន៍អាមេរិក ដែលមានអ្នកមើលច្រើនជាងគេបំផុតក្នុងគ្រានោះ ដោយតារាសម្តែងម្នាក់ៗទទួលបានប្រាក់ចំណូល ១លានដុល្លារក្នុងមួយភាគ នៅកម្រិតខ្ពស់នៃប្រជាប្រិយភាពរបស់កម្មវិធីនោះ៕