អេហ្ស៊ីប ៖ រដ្ឋអាជ្ញាជាន់ខ្ពស់របស់តុលាការ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន ក្នុងប្រទេសអេហ្ស៊ីបកាលពីថ្ងៃអាទិត្យថា ការផ្គត់ផ្គង់ជំនួយបន្ទាន់ដែលត្រូវបានបង្អាក់ ទៅកាន់ប្រជាជននៅតំបន់ហ្កាហ្សា អាចបង្កឲ្យមានបទឧក្រិដ្ឋ ក្រោមយុត្តាធិការរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ។
លោក Karim Khan បាននិយាយថា អ៊ីស្រាអែល ត្រូវតែបង្កើតកិច្ចប្រឹងប្រែងដែលអាចមើលឃើញ ដោយគ្មានការពន្យាពេលបន្ថែមទៀតដើម្បីធ្វើឲ្យប្រាកដថា ជនស៊ីវិលទទួលបានស្បៀងអាហារ និងថ្នាំពេទ្យជាមូលដ្ឋាន។
ការផ្តត់ផ្គង់ជំនួយទៅកាន់តំបន់ហ្កាហ្សា មានចំនួនតិចតួចបំផុត ចាប់តាំងពីអ៊ីស្រាអែល បានចាប់ផ្តើមទម្លាក់គ្រាប់បែកទៅលើតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីន ដែលមានមនុស្សរស់នៅច្រើនក្នុងការឆ្លើយតបទៅនឹងការវាយប្រហារដ៏ឃោឃៅ ធ្វើឡើងដោយក្រុមសកម្មជនហាម៉ាស់កាលពីថ្ងៃទី៧ ខែតុលា។
មន្ត្រីអ៊ីស្រាអែល បាននិយាយថា ស្បៀងអាហារ ទឹក និងថ្នាំពេទ្យ បានចូលមកតាមរយៈព្រំដែនប្រទេសអេហ្ស៊ីប ហើយចំនួនជំនួយត្រូវបានគេរំពឹងទុកថា នឹងកើនឡើង។
មន្ត្រីអង្គការសហប្រជាជាតិ បាននិយាយថាការផ្គត់ផ្គង់ជំនួយ ត្រូវបានកំណត់ ហើយពុំបានឆ្លើយតបទៅនឹងតម្រូវការជាមូលដ្ឋានឡើយ។

