
ភ្នំពេញ៖ បណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់ឯកឧត្ដម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ ស៊ីម៉ាក់ បានឱ្យដឹងថា លោក Michael Heiman ប្រធានអង្គការ APOPO ប្រចាំតំបន់និងនៅកម្ពុជា បានជួបពិភាក្សាការងារ ជាមួយឯកឧត្ដមលើកិច្ចសហប្រតិបតិ្តការវាងកម្លាំងស៊ីម៉ាក់ និងអង្គការAPOPO ក្នុងការអនុវត្តបច្ចេកទេសបោសសំអាតមីនដោយសត្វកណ្ដុរការស្រាវជ្រាវបច្ចេកទេសដោយសុនខ និងការជាវសុនខស៊ីម៉ាក់យកទៅប្រតិបតិ្តការនៅក្រៅប្រទេស។
សូមបញ្ជាក់ថា កណ្តុរ Magawa ដែលទទួលពានជើងឯកនៅប្រទេសអង់គ្លេសនោះបានដាក់ឱ្យចូលនិវត្តន៍ដោយបញ្ហាអាយុនិងសុខភាព ហើយ Magawa រក្សាទុកឱ្យសំរាកនៅទីតាំងស៊ីម៉ាក់ខេត្តសៀ មរាប។ បច្ចុប្បន្ននេះ អង្គភាពស៊ីម៉ាក់និងAPOPO សហការប្រើប្រាស់កណ្តុរចំនួន ៥៧ក្បាលសំរាប់បំរើប្រតិ្តបត្តិការបោសសំអសតមីនដែលក្នុងនោះកំពុងប្រតិបតិ្តការចំនួន៣៤ក្បាល ដាក់ចូលនិវត្តន៍ចំនួន ០៥ក្បាល និងកំពុងហ្វឹកហ្វឺនចំនួន ១៨ក្បាល។ ដោយឡែកសុនខដែលបានបញ្ជូនពីអង្គភាពស៊ីម៉ាក់ទៅបំរើការនៅប្រទេសស៊ូដង់ខាងត្បូង ប្រទេសអង់ហ្គោឡា និងប្រទេសទួរគីនោះបានបំពេញប្រតិបតិ្តការយ៉ាងល្អប្រសើរ ហើយខាងអង្គការAPOPO បានស្នើសុំជាវសុនខមួយចំនួនបន្ថែមទៀតពីស៊ីម៉ាក់ដើម្បីយកទៅប្រតិបតិ្តការនៅប្រទេសមួយចំនួនផ្សេងទៀត។
ទន្ទឹងនឹងនេះដែរ លោក Michael Heiman បានបញ្ជាក់ពីលទ្ធភាពក្នុងការទទួលជំនួយពីប្រទេសប៊ែលហ្សិកក្នុងការគាំទ្រកិច្ចប្រតិបត្តិការរបស់អង្គភាពស៊ីម៉ាក់ក្នងរយ:ពេល៥ឆ្នាំ ២០២២-២០២៦ ហើយគោលដៅសំខាន់របស់គំរោងត្រូវបន្តអនុវត្តនៅទិសខេត្តព្រះវិហារ ជាពិសេសតំបន់ប្រាសាទព្រះវិហារ៕ អត្ថបទ៖ គង់ ឌីន




