អាមេរិក ៖ សហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យ (២៩ តុលា) បានជំរុញអ៊ីស្រាអែល ឱ្យការពារជនស៊ីវិលនៅតំបន់ហ្កាហ្សា និងបានជំរុញឱ្យមានកំណើនជាបន្ទាន់នូវជំនួយមនុស្សធម៌ ស្របពេលមានការតវ៉ាកាន់តែខ្លាំងឡើងជុំវិញកំណើនអ្នកស្លាប់ដ៏ច្រើនសន្ធឹកសន្ធាប់ពីការការទម្លាក់គ្រាប់បែករយៈពេល ៣សប្តាហ៍របស់អ៊ីស្រាអែល ពីតំបន់ជុំវិញនោះ។
សេតវិមានបាននិយាយថា លោកប្រធានាធិបតីអាមេរិក លោក Joe Biden បានប្រាប់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Netanyahu នៅក្នុងការអំពាវនាវមួយថា អ៊ីស្រាអែលមានសិទ្ធិការពារខ្លួន ហើយគួរតែធ្វើបែបនោះក្នុងវិធីមួយដែលស្របនឹងច្បាប់អន្តរជាតិ ស្តីពីការការពារជនស៊ីវិល។
ខណៈចំនួនអ្នកស្លាប់នៅតំបន់ហ្កាហ្សា ស្ទ្រីប ស្ថិតក្នុងតួលេខរាប់ពាន់នាក់ និងបន្តកើនឡើងជាលំដាប់នោះ រដ្ឋបាលរបស់លោក Biden បានស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំងឡើង ដើម្បីបញ្ជាក់ឱ្យច្បាស់ថា ការគាំទ្រដ៏ខ្ជាប់ខ្ជួនរបស់ខ្លួនចំពោះអ៊ីស្រាអែល មិនប្រែក្លាយទៅជាការយល់ព្រមលើគ្រប់អ្វីដែលសម្ព័ន្ធមិត្តរបស់ខ្លួន កំពុងធ្វើនៅក្នុងតំបន់ហ៊ុមព័ទ្ធដ៏ក្រីក្រនោះទេ។
លោក Jake Sullivan ទីប្រឹក្សាសន្តិសុខជាតិរបស់លោក Biden បាននិយាយថា ក្រុងវ៉ាស៊ីនតោន កំពុងចោទសួរសំណួរពិបាកៗលើអ៊ីស្រាអែល រួមទាំងបញ្ហាជុំវិញជំនួយមនុស្សធម៌ ការបែងចែករវាងក្រុមភេរវករ និងជនស៊ីវិលស្លូតត្រង់ ព្រមទាំងអំពីមធ្យោបាយដែលអ៊ីស្រាអែល កំពុងគិតគូរតាមរយៈប្រតិបត្តិការយោធារបស់ខ្លួនផងដែរ៕


