កូរ៉េខាងត្បូង ៖ មនុស្សរាប់ពាន់នាក់ រួមទាំងក្រុមគ្រួសារជនរងគ្រោះ អ្នកនៅរស់រានមានជីវិត និងសកម្មជនជាច្រើន បានប្រារព្ធពិធីរំលឹកវិញ្ញាណក្ខន្ធ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃអាទិត្យ (២៩ តុលា) ដើម្បីប្រារព្ធខួបលើកទីមួយនៃសោកនាដកម្មមនុស្សជាន់គ្នាដ៏មហន្តរាយ ដែលបានសម្លាប់មនុស្សជិត ១៦០នាក់ ក្នុងពិធីបុណ្យ Halloween កាលពីឆ្នាំមុន។
មនុស្សរាប់ម៉ឺននាក់ ដែលភាគច្រើនស្ថិតក្នុងវ័យ ២០ឆ្នាំ និងវ័យ ៣០ឆ្នាំ បាននាំគ្នាទៅលេងពិធីបុណ្យវិស្សមកាលក្រោយជំងឺរាតត្បាតនៅតំបន់ Itaewon នៃទីក្រុងសេអ៊ូល នៅពេលមានគ្រោះមហន្តរាយកើតឡើង។
ពេលយប់ដ៏សប្បាយរីករាយ បានប្រែក្លាយជាមានមនុស្សស្លាប់យ៉ាងច្រើន ខណៈមនុស្សម្នានាំគ្នាសម្រុកចូលទៅក្នុងផ្លូវតូចចង្អៀត និងចំណោត នៅចន្លោះរវាងបារ និងក្លឹបកម្សាន្ត ហើយទម្ងន់នៃរាងកាយរបស់ពួកគេ និងកង្វះការគ្រប់គ្រងហ្វូងមនុស្សប្រកបដោយប្រសិទ្ធភាព បានបណ្តាលឱ្យមនុស្សជាង ១៥០នាក់ បានជាន់គ្នាស្លាប់។
អស់រយៈពេលមួយឆ្នាំមកហើយ ក្រុមគ្រួសារជនរងគ្រោះនិយាយថា ពួកគេនៅតែបន្តស្វែងរកចម្លើយចំពោះមូលហេតុពិតប្រាកដ ហើយអ្នកណាជាអ្នកទទួលខុសត្រូវចំពោះសោកនាដកម្មដ៏ឃោរឃៅនេះ។
ការស៊ើបអង្កេតរបស់នគរបាលទៅលើហេតុការណ៍នោះ បានរកឃើញការបរាជ័យដ៏ធំក្នុងការរៀបចំផែនការ និងការឆ្លើយតបគ្រោះថ្នាក់ ដែលត្រូវបានរំខាន និងការពន្យារពេលចំពោះគ្រោះមហន្តរាយ ដែលកំពុងកើតឡើង ប៉ុន្តែការស៊ើបអង្កេតនោះមិនបានដាក់ការស្តីបន្ទោសដល់មន្ត្រីជាន់ខ្ពស់ណាមួយនោះទេ ហើយក៏មិនមានឥស្សរជនជាន់ខ្ពស់រូបណា ត្រូវបានគេបណ្តេញចេញ ឬលាលែងពីតំណែងជុំវិញសោកនាដកម្មនេះនោះដែរ៕


