
កំពង់ស្ពឺ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានជំរុញណែនាំឱ្យមន្ត្រីសាធារណៈទាំងអស់ ត្រូវយកចិត្តទុកដាក់ផ្តល់សេវាជូនពលរដ្ឋឱ្យកាន់តែរហ័ស និងកាន់តែមានទំនើបកម្មជាងមុន។
សម្តេចធិបតី ហ៊ុណ ម៉ាណែត ក្នុងពេលអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារ រដ្ឋបាលថ្មី និងសមិទ្ធផលនានាក្នុងខេត្តកំពង់ស្ពឺ ព្រមទាំងប្រកាសខេត្តកំពង់ស្ពឺ ជាខេត្តអស់មីន នៅ ព្រឹកថ្ងៃទី៣០ ខែតុលានេះ បានថ្លែងអំណរគុណដល់អាជ្ញាធរទាំងអស់ ដែលបានខិតខំបម្រើប្រជាពលរដ្ឋ ខណៈដែលរាជរដ្ឋាភិបាល ក៏ខិតខំធ្វើការកែទម្រង់លើវិស័យសាធារណៈនានា ដើម្បីបំពេញតម្រូវការជូនប្រជាពលរដ្ឋ ។
សម្ដេចធិបតី បានធ្វើការជំរុញណែនាំឱ្យមន្ត្រី អាជ្ញាធរទាំងអស់ ត្រូវខិតខំបន្ថែមទៀតក្នុងការផ្ដល់ សេវាជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ។
គួរបញ្ជាក់ថា គោលនយោបាយធំៗ ជាអាទិភាព៥ចំណុច របស់រាជរដ្ឋាភិបាល អាណត្តិទី៧ មាន ដូចជា ការពង្រឹងរដ្ឋបាលសាធារណៈនៅគ្រប់ថ្នាក់ ជារដ្ឋបាលប្រជាជន និងបម្រើផលប្រយោជន៍ប្រជាជនពោលគឺការរៀបចំ, ពង្រឹង និងកែលម្អរចនាសម្ព័ន្ធ, ប្រព័ន្ធគ្រប់គ្រងការងារ និងការបែងចែកមុខងារ, តួនាទី និងការទទួលខុសត្រូវរបស់ស្ថាប័នសាធារណៈនីមួយៗឱ្យបានច្បាស់លាស់ ក្នុងការរៀបចំគោលនយោ បាយ, យុទ្ធសាស្ត្រ, ស្តង់ដាជាតិ, ការតាមដានត្រួតពិនិត្យ, អធិការកិច្ច, ការផ្តល់ការគាំទ្រ និងអន្តរាគមន៍ និងការទទួលខុសត្រូវក្នុងការផ្តល់សេវាសាធារណៈ សំដៅបង្ខិតសេវាសាធារណៈឱ្យទៅកៀកជិតជាមួយ ប្រជាជន ដើម្បីឆ្លើយតបទៅនឹងតម្រូវការ, សំណូមពរ និងដោះស្រាយបញ្ហាប្រឈមនានា របស់ប្រជាជន ប្រកបដោយប្រសិទ្ធភាព, រហ័ស និងចំគោលដៅ នៃតម្រូវការ នៅតាមមូលដ្ឋាននីមួយៗ ៕អត្ថបទ៖ មុត សុទ្ធ




