យោងតាមការធ្វើបច្ចុប្បន្នភាពចុងក្រោយកាលពីថ្ងៃអាទិត្យ បានឲ្យដឹងថា រុស្ស៊ី និងអ៊ុយក្រែន បានបង្កើនប្រតិបត្តិការយោធារបស់ពួកគេកាលពីថ្ងៃអាទិត្យ ដោយការវាយលុកលើគោលដៅយោធាទៅវិញទៅមក រួមទាំងយានដ្រូន ប៉ុស្តិ៍ទីបញ្ជាការ និងប្រព័ន្ធសង្គ្រាមអេឡិចត្រូនិក។

កាលពីថ្ងៃអាទិត្យ ក្រសួងការពារជាតិរុស្ស៊ី បានចេញរបាយការណ៍មួយ និយាយថា កងទ័ពរុស្ស៊ី បានវាយរុញច្រានការវាយប្រហារជាច្រើនរបស់ទាហានអ៊ុយក្រែន ក្នុងគោលដៅនៅទីក្រុង Kherson, Kupiansk, និងទីក្រុង Lyman ដោយបានវាយប្រហារទីតាំងរបស់យោធានិងយុទ្ធោបករណ៍របស់អ៊ុយក្រែន និងបានបំផ្លាញប៉ុស្តិ៍ទីបញ្ជាការយានដ្រូន មជ្ឈមណ្ឌលស៊ើបអង្កេត ប្រព័ន្ធសង្គ្រាមអេឡិចត្រូនិក និងគោលដៅផ្សេងៗទៀតរបស់ប្រទេសនេះ។

នៅថ្ងៃតែមួយនោះដែរ នាយសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ក៏បានចេញផ្សាយ ការធ្វើបច្ចុប្បន្នភាពរបស់ខ្លួន ដោយបង្ហាញថាក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះកងទ័ពអ៊ុយក្រែន បានបន្តប្រយុទ្ធជាមួយកងទ័ពរុស្ស៊ី នៅក្នុងតំបន់ Melitopol, Bahmut, Marinka និងគោលដៅផ្សេងៗទៀត។
កងទ័ពអ៊ុយក្រែន បានបើកការវាយប្រហារតាមអាកាសជាច្រើនលើកលើទីតាំងយុទ្ធោបករណ៍ និងយោធារុស្ស៊ី ដោយប្រើប្រាស់មីស៊ីលដើម្បីវាយលុកលើប៉ុស្តិ៍ទីបញ្ជាការ និងគោលដៅនានា និងបានស្ទាក់ចាប់យានដ្រូនរបស់រុស្ស៊ីជាច្រើនគ្រឿង។