ក្រុមប្រទេសមហាអំណាចមានឧស្សាហកម្មលូតខ្លាំងទាំង៧ ឬG7 បានអំពាវនាវកាលពីថ្ងៃអាទិត្យឲ្យមានការការលុបចោលជាបន្ទាន់នៃបម្រាមបញ្ឈប់ការនាំចូលលើផលិតផលម្ហូបអាហាររបស់ជប៉ុន ដែលសំដៅដល់ការរឹតបន្តឹងរបស់ប្រទេសចិន បន្ទាប់ពីប្រទេសជប៉ុនបានចាប់ផ្តើមបញ្ចេញសំណល់ទឹក មានសារធាតុវិទ្យុសកម្មពីរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វ៊ូគូស៊ីម៉ា (Fukushima) ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីកិច្ចប្រជុំកាលពីចុងសប្តាហ៍នៅទីក្រុងអូសាកា(Osaka) ប្រទេសជប៉ុន រដ្ឋមន្ត្រីពាណិជ្ជកម្មសមាជិកប្រទេសG7 ពុំបាននិយាយពីប្រទេសចិនទេ ប៉ុន្តែបានរិះគន់ផងដែរ នូវអ្វីដែលពួកគេចាត់ទុកថាជាការកើនឡើងនៃការបង្ខិតបង្ខំសេដ្ឋកិច្ចតាមរយៈពាណិជ្ជកម្ម។

សេចក្តីថ្លែងការណ៍ដែលមានកម្រាស់១០ ទំព័របាននិយាយថា យើងមិនពេញចិត្តចំពោះសកម្មភាពប្រើប្រាស់អាវុធភាពអាស្រ័យសេដ្ឋកិច្ច និងប្តេជ្ញាកសាងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មដោយសេរី យុត្តិធម៌ និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក។
ប្រទេសចិនបានផ្អាកការនាំចូលត្រីរបស់ជប៉ុនកាលពីពីរខែមុន នៅពេលជប៉ុនបានចាប់ផ្តើមបញ្ចេញទឹកមានសារធាតុវិទ្យុសកម្មដែលបានធ្វើប្រព្រឹត្តកម្មរួចពីរោងចក្រ Fukushima ដែលរងការបំផ្លិចបំផ្លាញ ចូលទៅក្នុងប៉ាស៊ីហ្វិក។ ខណៈប្រទេសជប៉ុន និងសហរដ្ឋអាមេរិក បានហៅថាជាការទប់ស្កាត់ មិនយុត្តិធម៌ ប្រទេសរុស្ស៊ីបានប្រកាសការរឹតបន្តឹងស្រដៀងគ្នានេះកាលពីដើមខែនេះផងដែរ។
ជាការឆ្លើយតប ប្រទេសចិនបានហៅចំណាត់ការរបស់ក្រុមប្រទេស G7 ថាជា ការបង្ខិតបង្ខំសេដ្ឋកិច្ច និងបានជំរុញឱ្យ ក្រុមប្រទេស G7 កុំប្រកាន់ខ្ជាប់ស្តង់ដារពីរ ហើយបែរមក ចាត់វិធានការជាក់ស្តែង ដើម្បីរក្សាសណ្ដាប់ធ្នាប់ពាណិជ្ជកម្ម និងការវិនិយោគអន្តរជាតិតាមធម្មតា។
ស្ថានទូតចិនប្រចាំប្រទេសជប៉ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃអាទិត្យថា ក្រុមប្រទេសជាសមាជិក G7 ធ្វើឱ្យប៉ះពាល់ដល់កម្រិតនៃការប្រកួតបប្រជែង និងរំខានដល់សន្តិសុខ និងស្ថិរភាពនៃសង្វាក់ផលិតកម្ម និងការផ្គត់ផ្គង់សកល ។
គួរឲ្យដឹងថា ប្រទេសសមាជិក G7 មាន សហរដ្ឋអាមេរិក ជប៉ុន អាល្លឺម៉ង់ អង់គ្លេស បារាំង អ៊ីតាលី និងកាណាដា បានបង្ហាញក្ដីបារម្ភ លើវិធានការត្រួតពិនិត្យថ្មីៗនេះលើការនាំចេញសារធាតុរ៉ែសំខាន់ៗពីប្រទេសចិន៕