ភ្នំពេញ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ នៃរបាយការណ៍លើកទី២ស្តីពីការអនុវត្តកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។
នៅថ្ងៃទី៣០ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ សេចក្ដីអង្កេតសន្និដ្ឋាននៃរបាយការណ៍លើកទី២របស់កម្ពុជា ស្ដីពីការអនុវត្តកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដែលសិក្ខាសាលានេះមានការចូលរួមពីតំណាងក្រសួង-ស្ថាប័ន អង្គការសង្គមស៊ីវិល និងដៃគូអន្តរជាតិជាច្រើននាក់ ដោយមានការគាំទ្រពីការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា។
ឯកឧត្តម អ៊ិត រ៉ាឌី អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ថ្លែងថា សិក្ខាសាលានេះមានគោលដៅ ដើម្បីឲ្យស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលទាំងអស់បានយល់អំពីកាតព្វកិច្ចរបស់កម្ពុជា ក្នុងនាមជារដ្ឋសមាជិករបស់អង្គការសហប្រជាជាតិ ចូលរួមផ្ដល់ជារបាយការណ៍ ឬព័ត៌មានដែលពាក់ព័ន្ធលើការអនុវត្តអនុសាសន៍ដែលពាក់ព័ន្ធទាំងអស់មកគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។
ក្នុងនាមគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ឯកឧត្តម អ៊ិត រ៉ាឌី លើកឡើងថា បន្ទាប់ពីរបាយការណ៍នៃការអនុវត្តកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌រួចរាល់នឹងជួបជាមួយអង្គការសង្គមស៊ីវិល ក្នុងការពិនិត្យរួមគ្នាលើរបាយការណ៍ទាំងនោះ និងស្នើសង្គមស៊ីវិលបញ្ជូនរបាយការណ៍របស់ខ្លួនមុនបញ្ជូនទៅអង្គការសហប្រជាជាតិ។
សូមជម្រាបថា គោលបំណងនៃសិក្ខាសាលានេះដែរ ដើម្បីផ្សព្វផ្សាយ ពិភាក្សា និងរៀបចំផែនការអនុវត្តសាសនៅក្នុងសេចក្ដីអង្កេតសន្និដ្ឋានរបស់គណៈកម្មាធិការសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់អង្គការសហប្រជាជាតិ ដែលជាគណៈកម្មាធិការទទួលបន្ទុកតាមដានការអនុវត្តកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ របស់រដ្ឋភាគី។
លើសពីនេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងនាមជាសេនាធ្វើការរបស់រាជរដ្ឋាភិបាលទទួលបន្ទុកលើវិស័យសិទ្ធិមនុស្សនៅកម្ពុជា មានភារកិច្ចក្នុងការសរសេររបាយការណ៍ចំនួន៥ ជូនអង្គការសហប្រជាជាតិ រួមមាន៖ របាយការណ៍ពិនិត្យឡើងវិញជាសកតាមកាលកំណត់ (UPR), របាយការណ៍សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ, របាយការណ៍សិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌, របាយការណ៍ស្តីពីការលុបចំបាត់រាល់ទម្រង់នៃការរើសអើងពូជសាសន៍ និងរបាយការណ៍ស្តីពីការការពារជនគ្រប់រូបពីការបាត់ខ្លួនដោយបង្ខំ៕







