យោងតាមទីភ្នាក់ងារអវកាសចិន Manned Space Agency ក្រុមអវកាសយានិកនៃយានអវកាសស៊ិនចូវ-១៦ (Shenzhou-16) និង Shenzhou-17 បានបញ្ចប់ការប្រគល់ការងារនៅក្នុងគន្លងតារាវិថីកាលពីថ្ងៃអាទិត្យ ។
ពិធីប្រគល់មួយត្រូវបានធ្វើឡើងនៅស្ថានីយ៍អវកាសចិន ជាទីដែលក្រុមអាវកាសយានិកថ្មីបានទទួលកូនសោរទៅកាន់ស្ថានីយអវកាស ដែលមើលទៅដូចជាឧបករណ៍ទាញលោហៈដែលមានតុបតែងដោយក្រណាត់ចិនពណ៌ក្រហម។
យានអវកាស Shezhou-17 ត្រូវបានបញ្ជូនទៅកាន់ស្ថានីយអវកាសចិន ពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប ជីវឈ័ន (Jiuquan) នៅភាគពាយព្យប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន។
ក្រុមអវកាសយានិកនៃយានShenzhou-17 ត្រូវបានគេរំពឹងថានឹងស្ថិតនៅក្នុងគន្លងតារាវិថីរយៈពេលជិត៦ខែ ដោយអនុវត្តសកម្មភាពក្រៅប្រព័ន្ធជាច្រើន និងធ្វើការពិសោធន៍ និងការធ្វើតេស្តជាច្រើនក្នុងផ្នែករូបវិទ្យាជាមូលដ្ឋានក្នុងបរិយាកាសមីក្រូទំនាញ វិទ្យាសាស្ត្រសម្ភារៈ វិទ្យាសាស្ត្រជីវិត វេជ្ជសាស្ត្រអវកាស និងបច្ចេកវិទ្យាអវកាស។
អវកាសយានិក Shenzhou-16 បានបញ្ចប់ភារកិច្ចដែលបានគ្រោងទុកទាំងអស់ ហើយនឹងត្រឡប់ទៅកន្លែងចុះចត តុងហ្វឹង (Dongfeng) ក្នុងប្រទេសចិន នៅថ្ងៃទី ៣១ ខែតុលាស្អែកនេះ ។ បុគ្គលិកគាំទ្រនៅកន្លែងចុះចតបានធ្វើការរៀបចំរាល់ការវិលត្រឡប់របស់ Shenzhou-16 ពីលំហ ។
យាន Shenzhou គឺជាឈ្មោះកូដសម្រាប់បេសកកម្មយានអវកាសរបស់ប្រទេសចិន។ ប្រទេសនេះបានសាងសង់ស្ថានីយ៍អវកាសមួយនៅក្នុងគន្លងតារាវិថីក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ហើយគ្រោងនឹងបង្កើតមូលដ្ឋានស្រាវជ្រាវនៅលើឋានព្រះចន្ទ៕