
នៅថ្ងៃចន្ទនេះ យោធាអ៊ីស្រាអែល បានបញ្ចេញរូបភាពវីដេអូឃ្លីបដែលពួកគេនិយាយថា វាគឺជាការបង្កើនការវាយប្រហារតាមជើងគោកលើតំបន់ហ្គាហ្សាស្រ្ទីប ។
ទោះបីជាយ៉ាងណាក៏ដោយ ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ពុំអាចបញ្ជាក់ផ្ទៀងផ្ទាត់ដោយឯករាជ្យលើទីតាំង ឬកាលបរិច្ឆេតដែលវីដេអូមួយនេះ ត្រូវបានថតនោះឡើយ ។
យោធាអ៊ីស្រាអែល និយាយថាពួកគេបានសម្លាប់ក្រុមភេរវកររាប់សិបនាក់ ដែលរារាំងពួកគេនៅតាមអគារ ហើយនិងផ្លូវក្រោមដី ហើយនិងអ្នកដែលព្យាយាមវាយប្រហារមកលើទាហានរបស់ពួកគេ ហើយពួកគេបានកម្ទេចគោលដៅភេរវកម្ម ៦០០កន្លែង រួមទាំងឃ្លាំងស្តុកអាវុធ ទីតាំងបាញ់មីស៊ីលប្រឆាំងរថក្រោះរាប់សិបកន្លែង ក្រោយការវាយប្រហាររបស់ក្រុមជីវពលហាម៉ាស់កាលពីថ្ងៃទី ៧ ខែតុលា ដោយបានសម្លាប់ពលរដ្ឋអ៊ីស្រាអែលយ៉ាងហោច ១.៤០០នាក់ ។
គួរឲ្យដឹងថា កាលពីថ្ងៃសៅរ៍កន្លងទៅ នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu បាននិយាយថា បច្ចុប្បន្នអ៊ីស្រាអែលស្ថិតនៅក្នុងដំណាក់កាលទី ២នៃសង្រ្គាមតំបន់ហ្គាហ្សា ហើយកងកម្លាំងរបស់លោក កំពុងចុះប្រតិបត្តិការជើងគោកប្រឆាំងនឹងក្រុមជីវពលហាម៉ាស់ ។
លោកនិយាយថា សង្រ្គាមនៅក្នុងតំបន់ហ្គាហ្សាស្រ្ទីប នឹងពិបាក ហើយនិងមានរយៈពេលយូរ ហើយពួកយើងបានត្រៀមខ្លួនរួចរាល់ ។
លោក Netanyahu បានអំពាវនាវសារជាថ្មីម្តងទៀតឲ្យជនស៊ីវិលប៉ាឡេស្ទីន ចាកចេញពីតំបន់ភាគខាងជើងហ្គាហ្សាស្រ្ទីប ដែលជាទីតាំងផ្តោតសំខាន់ការវាយប្រហាររបស់អ៊ីស្រាអែល ៕