
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានបំពេញទស្សនកិច្ចទៅកាន់ទីក្រុងកដ្ឋម៉ាន់ឌូ កាលពីថ្ងៃអាទិត្យ ហើយលោកបាននិយាយថា ផ្ទាំងទឹកកនៅក្នុងប្រទេសនេប៉ាល់ កំពុងរលាយក្នុងអត្រាខ្ពស់បំផុត ហើយស្ថានភាពអាកាសធាតុ កាន់តែធ្ងន់ធ្ងរទៅ ។
លោក Guterres បានថ្លែងបែបនេះទៅកាន់សារព័ត៌មានជាមួយនាយករដ្ឋមន្រ្តីនេប៉ាល់លោក Pushpa Kamal Dahal នៅថ្ងៃដំបូងនៃដំណើរទស្សនកិច្ចរយៈពេល ៤ថ្ងៃរបស់លោកមកកាន់ប្រទេសនៅតំបន់ភ្នំហិម៉ាឡៃមួយនេះ ។
លោក Guterres បន្តថា នៅក្នុងដំណើរទស្សនកិច្ចនេះ លោកនឹងធ្វើដំណើរទៅកាន់ភ្នំហិម៉ាឡៃ ដើម្បីពិនិត្យមើលដោយខ្លួនឯងពីផលប៉ះពាល់នៃវិបត្តិអាកាសធាតុលើផ្ទាំងទឹកកក ។
លោកថា ស្ថានភាពពិតជាគ្រោះថ្នាក់ខ្លាំង ។ នេប៉ាល់ បាត់បង់ជិត ១ភាគ ៣នៃទំហំផ្ទាំងទឹកកកក្នុងរយៈពេល ៣០ឆ្នាំកន្លងមកនេះ ហើយផ្ទាំងទឹកកកពិតជារលាយលឿនខ្លាំងណាស់ ។
យោងតាមការវាយតម្លៃរបស់មជ្ឈមណ្ឌលអន្តរជាតិដើម្បីអភិវឌ្ឍនសមាហរណកម្មភ្នំ(ICIMOD) មានមូលដ្ឋាននៅទីក្រុងកដ្ឋម៉ាន់ឌូ ដែលជាក្រុមអាជ្ញាធរវិទ្យាសាស្រ្តអន្តររដ្ឋាភិបាល បានឲ្យដឹងថា ផ្ទាំងទឹកកកនៅភ្នំហិម៉ាឡៃ Hindu Kush អាចនឹងបាត់បង់ទំហំរបស់រហូតដល់ ៧៥ភាគរយនៅដំណាច់សតវត្សរ៍នេះ ដោយសារតែការឡើងកម្តៅផែនដី បណ្តាលឲ្យកើតមានទាំងទឹកជំនន់ប្រកបដោយគ្រោះថ្នាក់ និងកង្វះខាតទឹកសម្រាប់មនុស្ស ២៤០លាននាក់ ដែលរស់នៅតាមតំបន់ភ្នំ ៕