
ប្រមុខយោធាចិន និងរុស្ស៊ី បានយកសហរដ្ឋអាមេរិកជាគោលដៅ សម្រាប់ការរិះគន់ នៅឯវេទិកាសន្តិសុខ ក្នុងទីក្រុងប៉េកាំង នៅថ្ងៃចន្ទ (ទី៣០ ខែតុលា) ទោះបីជាចុងក្រោយមេបញ្ជាការយោធាជាន់ខ្ពស់បំផុតទី២ របស់ចិន បានប្តេជ្ញាថា នឹងជំរុញទំនាក់ទំនងក្នុងវិស័យការពារជាតិជាមួយទីក្រុងវ៉ាស៊ីនតោនក៏ដោយ។
វេទិកាដែលមានឈ្មោះថា Beijing Xiangshan Forum ដែលជាការបង្ហាញផ្នែកការទូតយោធាប្រចាំឆ្នាំដ៏ធំបំផុតរបស់ចិន បានចាប់ផ្តើមកាលពីថ្ងៃអាទិត្យ (ទី២៩ ខែតុលា) ដោយគ្មានវត្តមានរបស់រដ្ឋមន្ត្រីការពារជាតិនៃប្រទេសនេះ ដែលជាធម្មតាត្រូវធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍នេះ ប៉ុន្តែមានរួមបញ្ចូលវត្តមានរបស់គណៈប្រតិភូអាមេរិក ចំពេលភាពតានតឹង ក្នុងតំបន់ កំពុងកើនឡើង។
ក្នុងវេទិកានេះ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu បានព្រមានលោកខាងលិចថា ការចូលរួមរបស់ខ្លួន ក្នុងសង្គ្រាមអ៊ុយក្រែន បានបង្កើតគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ។ ហើយបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ TASS របស់រុស្ស៊ី បានរាយការណ៍ថា លោក Shoigu ក៏បានបន្ថែមទៀតផងដែរថា លោកខាងលិចមានបំណងផ្ដល់ «កាបរាជ័យជាយុទ្ធសាស្ត្រ» ដល់រុស្ស៊ី នៅក្នុង«សង្រ្គាមកូនកាត់» ហើយបានសរសើរគំរូនៃទំនាក់ទំនងរុស្ស៊ី-ចិនថា ជា «តួយ៉ាង»។
ចំណែកលោក Zhang Youxia អនុប្រធានក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ស៊ី ជីនពីង (Xi Jinping) នៃគណៈកម្មាការយោធាមជ្ឈិមនៃប្រទេសចិន បានបញ្ចេញការរិះគន់ចំពោះសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ដោយចោទប្រកាន់ «ប្រទេសមួយចំនួន» ពីការព្យាយាមបំផ្លាញរដ្ឋាភិបាល។
ក្នុងសុន្ទរកថាដ៏សំខាន់របស់លោក ដោយប្រើប្រាស់ពាក្យ ដែលរដ្ឋាភិបាលចិនពណ៌នាអំពីការប៉ុនប៉ងផ្តួលរំលំការគ្រប់គ្រងរបស់បក្សកុម្មុយនីស្តនោះ លោក Zhang បានប្រាប់ថា៖ «ប្រទេសខ្លះមានចេតនាបង្កើតភាពចលាចល និងជ្រៀតជ្រែក ក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ និងជំរុញឲ្យមានបដិវត្តន៍ពណ៌»។
លោកបានបន្ថែមថា ប្រទេសនានាមិនគួរមានចេតនាបង្កហេតុដល់ប្រទេសផ្សេងទៀតលើបញ្ហាសំខាន់ៗ និងរសើបនោះទេ ដោយលោកបានបញ្ជាក់ថា កោះតៃវ៉ាន់គឺជាអត្ថប្រយោជន៍ស្នូលរបស់ប្រទេសចិន។ តែទោះជាយ៉ាងណាក្ដី នៅក្នុងផ្នែកផ្សេងទៀតនៃសុន្ទរកថារបស់លោកនោះ លោក Zhang បានក៏សង្កត់ធ្ងន់លើតម្រូវការនៃការធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងយោធាជាមួយសហរដ្ឋអាមេរិកផងដែរ៕