
នគរបាល និងអាជ្ញាធរ នៅមូលដ្ឋាន ក្នុងទីក្រុងសេអ៊ូលរបស់ប្រទេសកូរ៉េខាងត្បូង និងតូក្យូរបស់ប្រទេសជប៉ុន កំពុងបង្កើនវិធានការសុវត្ថិភាព នៅមុនពិធីបុណ្យហាឡូវ៉ីន (Halloween) ដែលកាលពីឆ្នាំមុន ការប្រជ្រៀតជាន់គ្នា ក្នុងចំណោមអ្នកចូលរួមកម្មវិធីបុណ្យនេះ នៅសង្កាត់ Itaewon ទីក្រុងសេអ៊ូល បានបណ្តាលឲ្យមនុស្ស ១៥៩នាក់ បាត់បង់ជីវិត។
នៅទីក្រុងសេអ៊ូល នគរបាលជាង ១.០០០នាក់ បានមកជួបជុំ សម្រាប់ការគ្រប់គ្រងចំនួនមនុស្សដ៏ច្រើន នាឆ្នាំនេះ នៅតំបន់ដ៏ពេញនិយមចំនួន ១៦កន្លែង។ របងត្រូវបានគេដាក់នៅចំកណ្តាលផ្លូវនានា ដើម្បីបង្កើតចរាចរណ៍ថ្មើរជើងឯកទិស សម្រាប់ទិសដៅទាំង២។ ប្រព័ន្ធបញ្ញាសិប្បនិមិត្ត (AI) នឹងវិភាគវីដេអូពីកាមេរ៉ាសុវត្ថិភាព ដើម្បីជូនដំណឹងដល់អាជ្ញាធរ ពេលក្រុមមនុស្ស កំពុងបង្កើតភាពណែនណាប់តាន់តាប់។
កាលពីថ្ងៃអាទិត្យ មនុស្សម្នា បាននាំគ្នាទៅសង្កាត់ Itaewon ដើម្បីកាន់ទុក្ខដល់ជនរងគ្រោះ ភាគច្រើនក្មេងៗ ដែលបានស្លាប់ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២។ សារដែលសរសេរថា «សូមទៅកាន់សុគតិភព» ត្រូវបានបិទនៅលើជញ្ជាំងតាមច្រកផ្លូវដ៏តូចចង្អៀតនោះ។
ចំណែកនៅប្រទេសជប៉ុន ទីកន្លែងដ៏ធំ ដែលរៀបចំពិធីបុណ្យហាឡូវីននេះ គឺមណ្ឌល Shibuya របស់ទីក្រុងតូក្យូ ក៏កំពុងបង្កើនវិធានការសុវត្ថិភាពរបស់ខ្លួនផងដែរ។ អភិបាលក្រុង Shibuya លោក Hasebe Ken បានធ្វើសេចក្តីប្រកាសដ៏កម្រមួយ នៅដើមខែតុលា ដោយប្រាប់អ្នកដែលមានបំណងចូលរួមកម្សាន្ត ក្នុងភាពអ៊ូអែឲ្យនៅឆ្ងាយពីមណ្ឌលនេះ នៅថ្ងៃបុណ្យហាឡូវ៉ីន។ លោក Hasebe បានសង្កត់ធ្ងន់ថា៖ «មណ្ឌល Shibuya នឹងមិនក្លាយជាកន្លែងប្រារព្ធពិធីបុណ្យហា Halloween នៅឆ្នាំនេះទេ។ ខ្ញុំចង់បង្ហាញសារនេះយ៉ាងច្បាស់ទៅកាន់ពិភពលោក"»៕