
កម្រិតការបង្កកង្វក់ក្នុងខ្យល់ នៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា បានធ្លាក់ចុះដល់ប្រភេទ «មិនល្អខ្លាំង» នៅថ្ងៃចន្ទ (ទី៣០ ខែតុលា) នេះ ខណៈដែលអ្នកស្រុក ត្អូញត្អែរអំពីអាការរលាកភ្នែក និងការថយចុះនៃពន្លឺថ្ងៃ។
ទីភ្នាក់ងារត្រួតពិនិត្យគុណភាពខ្យល់ និងការព្យាករណ៍អាកាសធាតុ (SAFAR) បានធ្វើការកត់ត្រាពីគុណភាពខ្យល់ថា ស្ថិតក្នុងលក្ខខណ្ឌ «មិនល្អខ្លាំង» នៅទីក្រុងញូវដេលី នាថ្ងៃចន្ទនេះ។
រដ្ឋបាលក្រុងដេលី បានអនុវត្តដំណាក់កាលទី២ នៃផែនការសកម្មភាពឆ្លើយតបតាមលំដាប់ថ្នាក់ (GRAP) ដើម្បីដោះស្រាយស្ថានការណ៍ ដែលជំរុញឲ្យអ្នកដំណើរប្រើប្រាស់ការដឹកជញ្ជូនសាធារណៈ និងជៀសវាងការប្រើយានជំនិះឯកជន ខណៈពេលដែលចង្អុលបង្ហាញឲ្យរដ្ឋបាលបង្កើនលទ្ធភាពប្រើប្រាស់រថយន្តក្រុងអគ្គិសនី និងរថភ្លើងក្រោមដី។
ផ្សែងចេញពីរដ្ឋ Punjab និង Haryana នៅតំបន់ដាច់ស្រយាលនៃប្រទេសឥណ្ឌា ធ្វើដំណើរឆ្ពោះទៅទិសខាងកើត ហើយបន្ថែមការបង្កកង្វក់ក្នុងខ្យល់ នៅក្នុងទីក្រុងញូវដេលី ជាកន្លែង ដែលអ្នកស្រុកបានស៊ាំជាមួយពេលព្រឹកមានផ្សែងអ័ព្ទ នារដូវរងា ដោយមេឃប្រែជាពណ៌ប្រផេះ ជំនួសឲ្យទិដ្ឋភាពពណ៌ខៀវ៕