
យោធាអ៊ុយក្រែន បានអះអាងកាលពីថ្ងៃអាទិត្យម្សិលមិញថា ក្រុមទាហានស៊ីឈ្នួល Wagner របស់រុស្ស៊ីបានចូលរួមក្នុងការបណ្តុះបណ្តាលដល់ក្រុមភេរវករហាម៉ាស នៅមុនការវាយប្រហារបង្ហូរឈាមចុងសប្តាហ៍ (ទី៧ ខែតុលា) ក្នុងប្រទេសអ៊ីស្រាអែល។
ក្រុមទាហានស៊ីឈ្នួល Wagner ដែលល្បីថា ធ្លាប់គាំទ្រសង្គ្រាមរបស់លោក លោក វ្ល៉ាឌីមៀរ ពូទីន នៅប្រទេសអ៊ុយក្រែន ត្រូវបានគេចោទប្រកាន់ថា បានបង្រៀនពីយុទ្ធសាស្ត្រវាយប្រហារ និងការបញ្ជាយានដ្រូន kamikaze ក្នុងរយៈពេលប៉ុន្មានខែ អំឡុងរដូវក្តៅ។ ការអះអាងនេះ បានមកពីមជ្ឈមណ្ឌលតស៊ូជាតិរបស់អ៊ុយក្រែន បន្ទាប់ពីត្រូវបានឆ្លងកាត់ការស៊ើបអង្កេត ដោយប្រភពរបស់រុស្ស៊ី និងបេឡារុស។
អ្នកនាំពាក្យមជ្ឈមណ្ឌល ដែលត្រូវបានបង្កើតឡើងដោយកងកម្លាំងប្រតិបត្តិការពិសេសរបស់កងទ័ពអ៊ុយក្រែន បាននិយាយថា៖ «គ្រូបង្ហាត់នៃអង្គការឧក្រិដ្ឋកម្ម ដែលទទួលស្គាល់ជាអន្តរជាតិរបស់រុស្ស៊ី Wagner PMC បានបណ្តុះបណ្តាលពួកសកម្មប្រយុទ្ធនៃក្រុមភេរវជនហាម៉ាសប៉ាឡេស្ទីន ដើម្បីវាយប្រហារលើអ៊ីស្រាអែល»។
ការអះអាងដែលថា ក្រុម Wagner បានចូលរួមយ៉ាងសកម្ម ក្នុងការបណ្តុះបណ្តាលដល់ក្រុមហាម៉ាស ក៏ត្រូវបានធ្វើឡើងផងដែរដោយប៉ុស្តិ៍ទូរទស្សន៍ប្រឆាំងនឹងលោក ពូទីន របស់រុស្ស៊ី General SVR ដែលបានចោទប្រកាន់ថា ក្រុមទាហនាស៊ីឈ្នួលនេះ ត្រូវបានអនុម័តដោយវិមានក្រឹមឡាំង។ ប៉ុស្តិ៍ទូរទស្សន៍នេះ បានឲ្យដឹងថា «អ្នកតំណាងនៃ Wagner PMC (ក្រុមហ៊ុនយោធាឯកជន) និង Redut PMC បានចូលរួមក្នុងការរៀបចំក្រុមសកម្មប្រយុទ្ធហាម៉ាស សម្រាប់ការវាយប្រហារលើអ៊ីស្រាអែល ដោយមានការសម្របសម្រួលជាមួយថ្នាក់ដឹកនាំរុស្ស៊ី»៕