
សេតវិមានបាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួន «ថ្កោលទោសយ៉ាងដាច់អហង្ការ»ចំពោះក្រុមកុបករគាំទ្រប៉ាឡេស្ទីន នៅក្នុងប្រទេសរុស្ស៊ី ដែលបានសម្រុកចូលអាកាសយានដ្ឋាន ខណៈដែលពួកគេ កំពុងស្រែកបន្ទរប្រឆាំងជនជាតិជ្វីហ្វនិងកំពុងស្វែងរកអ្នកដំណើរពីជើងហោះហើរ ដែលបានចាកចេញពីទីក្រុងតែលអាវីវ ប្រទេសអ៊ីស្រាអែល។
អាជ្ញាធរអាកាសចរណ៍រុស្ស៊ី Rosaviatsia បានរាយការណ៍ថា អាកាសយានដ្ឋាន ដែលមានទីតាំងនៅទីក្រុង Makhachkala នៃសាធារណរដ្ឋ Dagestan បានបិទបន្ទាប់ពីក្រុមកុបករ បានចាប់ផ្តើមសម្រុកចូលទៅកាន់ផ្លូវយន្តហោះរត់ កាលពីយប់ថ្ងៃអាទិត្យ។ ជើងហោះហើរផ្សេងទៀតទាំងអស់ ដែលឆ្ពោះទៅ ទីក្រុងMakhachkala ត្រូវបានបង្វែរទិសដៅ។
នៅក្នុងការអត្ថាធិប្បាយជាសាធារណៈលើកដំបូង ដែលធ្វើឡើងដោយរដ្ឋបាលលោកបៃដិន ចាប់តាំងពីឧបទ្ទវហេតុនេះ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក Adrienne Watson បាននិយាយថា សហរដ្ឋអាមេរិកថ្កោលទោសចំពោះ «ការតវ៉ាប្រឆាំងនឹងជនជាតិជ្វីហ្វ នៅអាកាសយានដ្ឋាន ក្នុងប្រទេសរុស្ស៊ី។
លោក Watson បានសរសេរនៅលើបណ្តាញសង្គម X ដែលពីមុនគេស្គាល់ថាជា Twitter ថា៖«សហរដ្ឋអាមេរិកថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការតវ៉ាប្រឆាំងនឹងជនជាតិជ្វីហ្វនៅសាធារណរដ្ឋ Dagestan ប្រទេសរុស្ស៊ី។ សហរដ្ឋអាមេរិកឈរយ៉ាងច្បាស់លាស់ជាមួយសហគមន៍ជ្វីហ្វទាំងមូល នៅពេលដែលយើងឃើញការកើនឡើងទូទាំងពិភពលោកនៃការប្រឆាំងជ្វីហ្វនិយម។ វាមិនដែលមានលេសឬហេតុផលណាមួយសម្រាប់ការប្រឆាំងជ្វីហ្វនិយមទេ។