បាល់ទាត់៖ ខ្សែបំរើតោខៀវ Chelsea, Christian Pulisic បានក្លាយជាវិរៈបុរសរបស់ក្រុមបាល់ទាត់អាមេរិក ក្រោយស៊ុតបញ្ចូលទីក្នុងម៉ោងបន្ថែមយកឈ្នះម៉ិកស៊ិក នៅវគ្គផ្តាច់ព្រ័ត្រលើកពាន CONCACAF Nations League។

មុននឹងឈានដល់វគ្គបន្ថែមម៉ោង ១៥នាទី ២ដង ក្រុមអាមេរិកត្រូវតាមពីក្រោយម៉ិកស៊ិកពីរលើក ពោលគឺម៉ិកស៊ិកនាំមុខដំបូងតាំងពីនាទីទី២ ដោយ Jesus Corona តែ Giovanni Reyna តាមស្មើវិញនៅនាទីទី២៧។ ចូលវគ្គទី២ Diego Lainez នាំមុខអោយក្រុមម៉ិកស៊ិកសារជាថ្មីនៅនាទីទី៧៩ តែ Weston McKennie តែតតាមស្មើវិញអោយអាមេរិកនៅនាទីទី៨២។ ឈានដល់ម៉ោងបន្ថែម ១៥នាទី ២លើកកំហុសក្នុងប្រអប់គ្រោះថ្នាក់អាជ្ញាកណ្តាលផ្តល់បាល់ ១១ម៉ែត្រអោយអាមេរិក ខណៈខ្សែបំរើ Chelsea, Christian Pulisic គឺជាអ្នកស៊ុតបានសំរេចនៅនាទីទី១១៤។
ចប់ការប្រកួតអាមេរិកយកឈ្នះម៉ិកស៊ិក ៣-២ ធ្វើអោយក្រុមអាមេរិកគ្រងជើងឯកការប្រកួតពានរង្វាន់ CONCACAF Nations League ដែលទើបរៀបចំឡើងលើកដំបូង។ សូមបញ្ជាក់ថា CONCACAF Nations League ត្រូវបានបង្កើតឡើងដោយមានការចូលរួមពីក្រុមមកពីតំបន់អាមេរិកខាងជើង អាមេរិកកណ្តាល និងការ៉ាអ៊ីប និងរៀបចំឡើងជារៀងរាល់ ២ឆ្នាំម្តង៕
អត្ថបទ៖នាង សុភាវុធ