
អ្នកគាំទ្រនៃកម្មវិធីទូរទស្សន៍បែបកម្សាន្តដ៏ល្បីកាលពីអតីតកាល ដែលមានចំណងជើងថា «Friends» បានគោរពវិញ្ញាណក្ខន្ធតារាសម្តែងលោក Matthew Perry បន្ទាប់ពីតារាសម្តែងរូបនេះ ត្រូវបានគេរកឃើញថា បានស្លាប់កាលពីថ្ងៃសៅរ៍ (ថ្ងៃទី២៨ ខែតុលា) ក្នុងគេហដ្ឋានរបស់លោក នៅទីក្រុង Los Angeles សហរដ្ឋអាមេរិក។
លោក Perry ដែលទទួលបានភាពល្បីល្បាញ ក្នុងទសវត្សរ៍ឆ្នាំ១៩៩៨ ក្នុងនាមជាតារាសម្ដែងដ៏ប៉ិនប្រសព្វ ក្នុងរឿងកំប្លែងទូរទស្សន៍លំដាប់កំពូលរបស់សហរដ្ឋអាមេរិក និងបានកត់ត្រាការតស៊ូអស់រយៈពេលជាច្រើនទសវត្សរ៍ជាមួយនឹងការប្រើប្រាស់សារធាតុញៀន នៅក្នុងសៀវភៅកំណត់ហេតុ កាលពីឆ្នាំមុននោះ បានទទួលមរណភាព កាលពីថ្ងៃសៅរ៍ ក្នុងវ័យ ៥៤ឆ្នាំ។
ការស្លាប់របស់លោក ត្រូវបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ ដែលត្រូវបានបង្ហោះដោយប្រព័ន្ធផ្សព្វផ្សាយ NBC ជាទូរទស្សន៍ ដែលបានចាក់ផ្សាយរឿង «Friends» អស់រយៈពេល ១០ឆ្នាំ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X (ពីមុនជា Twitter)។
កម្មវិធីទូរទស្សន៍ NBC News ដោយដកស្រង់សម្តីអ្នកតំណាងមិនបញ្ចេញឈ្មោះរបស់លោក Perry និងប្រភពអនុវត្តច្បាប់ បានរាយការណ៍ថា តារាសម្តែងរូបនេះ ត្រូវបានគេប្រទះឃើញថា ស្លាប់ដោយសារលង់ទឹកនៅផ្ទះរបស់លោក ក្នុងសង្កាត់ Pacific Palisades ក្នុងក្រុង Los Angeles។
បន្ទាប់ពីដំណឹងមរណភាពរបស់តារាសម្ដែងអាមេរិកកាត់កាណាដារូបនេះ ត្រូវបានដឹងឮយ៉ាងសុសសាយ មនុស្សជាច្រើន មិនថាអ្នកធ្លាប់បានសម្ដែងជាមួយរូបលោក ឬក៏អត់ ព្រមទាំងអ្នកគាំទ្រផង បាននាំគ្នាសម្ដែងការគោរព និងការសោកស្ដាយជាពន់ពេក ចំពោះការបាត់បង់នេះ៕