
អតីតប្រធានាធិបតីអ៊ុយក្រែនលោក Petro Poroshenko បានប្រាប់ប្រព័ន្ធផ្សពព្វផ្សាយ Euractiv ថា លោក ប្រាកដថា គ្រូបង្រៀនមកពីក្រុមទាហានស៊ីឈ្នួលរុស្ស៊ី Wagner ត្រូវបានផ្ទេរពីប្រទេសស៊ីរីទៅតំបន់ហ្គាហ្សា ដើម្បីជួយរៀបចំការវាយប្រហារភេរវកម្មលើអ៊ីស្រាអែល នៅថ្ងៃទី៧ ខែតុលា។
លោក Poroshenko ដែលជាប្រធានាធិបតីពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៩ ហើយឥឡូវនេះជាប្រធានគណបក្សសាមគ្គីភាពអឺរ៉ុប កំពុងបំពេញទស្សនកិច្ចនៅទីក្រុងប៊្រុចសែល នៅមុនការសម្រេចចិត្តដែលរំពឹងទុកដោយគណៈកម្មការសហភាពអឺរ៉ុប នៅថ្ងៃទី៨ ខែវិច្ឆិកា ដើម្បីបំភ្លឺការចាប់ផ្តើមនៃកិច្ចចរចាចូលជាសមាជិករបស់អ៊ុយក្រែន។
នៅពេលសួរអំពីអ្វីដែលហាក់ដូចជាការបំផ្លិចបំផ្លាញលើបំពង់បង្ហូរហ្គាស Balticconnector និងខ្សែកាបទូរគមនាគមន៍ដែលតភ្ជាប់ប្រទេសហ្វាំងឡង់ទៅអេស្តូនី លោកបានឆ្លើយថា ដោយមានការវាយតម្លៃយ៉ាងគ្រប់គ្រាន់ពីអាជ្ញាធរនៅទីក្រុង Helsinki ការខូចខាតនេះ បណ្តាលមកពី «សកម្មភាពខាងក្រៅ»។
លោកបានប្រាប់ថា៖ «ខ្ញុំជឿជាក់យ៉ាងមុតមាំថា នេះជាការវាយប្រហារភេរវកម្ម ដោយមានគោលបំណង ធ្វើឲ្យស្ថានការណ៍ថាមពលនៅអឺរ៉ុបអស្ថិរភាព ដូចទៅនឹងរុស្ស៊ីវាយប្រហារដោយប្រព័ន្ធថាមពលរបស់អ៊ុយក្រែនដែរ»។
ជាមួយគ្នានេះ លោកបានបន្ថែមថា ហត្ថលេខារបស់រុស្ស៊ីដូចគ្នានេះ ត្រូវបានគេឃើញនៅក្នុងការវាយប្រហាដែលក្រុមសកម្មប្រយុទ្ធអ៊ីស្លាមហាម៉ាស បានចាប់ផ្តើមនៅលើទឹកដីអ៊ីស្រាអែល នាចុងសប្តាហ៍មុននោះ៕