
ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុក បានរាយការណ៍ថា ការចោទប្រកាន់លើសមាជិកព្រឹទ្ធសភាអាមេរិកម្នាក់ ដែលត្រូវបានចាប់ខ្លួន ក្នុងទីក្រុងហុងកុងពីបទកាន់កាប់កាំភ្លើងដោយគ្មានអាជ្ញាប័ណ្ណ ត្រូវបានទម្លាក់ចោល នៅថ្ងៃចន្ទ (ទី៣០ ខែតុលា) នេះ បន្ទាប់ពីជនជាប់ចោទបានយល់ព្រមអនុវត្តតាមបទបញ្ជាឲ្យប្រព្រឹត្តអាកប្បកិរិយាល្អ ដើម្បីដោះស្រាយបញ្ចប់ករណីនេះ។
សមាជិករបស់គណបក្សសាធារណរដ្ឋលោក Jeff Wilson មកពីរដ្ឋ Washington ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី២១ ខែតុលា ពីបទមានកាំភ្លើងខ្លីមួយដើម នៅក្នុងវ៉ាលិសអូសរបស់លោក អំឡុងពេលជិះយន្តហោះទៅកាន់ទីក្រុងរបស់ប្រទេសចិននេះ ដែលក្រោយមកលោកបានប្រាប់ថា ជា«កំហុសមិនធ្ងន់ធ្ងរ» នោះទេ។
ក្នុងសវនាការ នាថ្ងៃចន្ទនេះ រដ្ឋអាជ្ញាបានយល់ព្រមដោះស្រាយបញ្ចប់សំណុំរឿងប្រឆាំងនឹងលោក Wilson ដោយដាក់ចេញនូវដីកាបង្គាប់ជាកាតព្វកិច្ច ដែលត្រូវបានប្រើនៅក្នុងយុត្តាធិការច្បាប់ទូទៅមួយចំនួន ដើម្បីដោះស្រាយជាមួយនឹងបទល្មើសតូចតាច។
ការកាន់កាប់អាវុធ ឬគ្រាប់រំសេវ ដោយគ្មានអាជ្ញាប័ណ្ណ នៅទីក្រុងហុងកុង នឹងត្រូវកាត់ទោសឲ្យជាប់ពន្ធនាគាររហូតដល់ទៅ ១៤ឆ្នាំ និងពិន័យជាប្រាក់ ១០០.០០០ដុល្លារហុងកុង (ជាង ១០.០០០ដុល្លារអាមេរិក)៕