យោធាអ៊ីស្រាអែល បាននិយាយថា ទាហានម្នាក់ដែលត្រូវបានចាប់ជាចំណាប់ថ្នូរ នៅក្នុងតំបន់រងការឡោមព័ទ្ធហ្កាហ្សា ត្រូវបានរំដោះ ស្របពេលប្រតិបត្តិការថ្មើជើងនៅតែបន្ត ។
នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយកាលពីថ្ងៃចន្ទ អាជ្ញាធរអ៊ីស្រាអែលបាននិយាយថា ទាហានស្រីម្នាក់ឈ្មោះ អូរី មេជីឌីស (Ori Megidish) ត្រូវបានដោះលែង ហើយមានសុខភាពល្អធម្មតាទេ។
កងទ័ពបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កាលពីយប់មិញ ទាហានជានារីម្នាក់គឺនាង អូរី មេជីឌីស ត្រូវបានដោះលែងក្នុងអំឡុងពេលប្រតិបត្តិការថ្មើរជើង បន្ទាប់ពីត្រូវបានចាប់ខ្លួន ដោយក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា ។

ទាហានរូបនេះ ត្រូវបានពិនិត្យតាមវេជ្ជសាស្រ្ត មានសុខភាព ហើយបានជួបជុំក្រុមគ្រួសាររបស់ខ្លួនវិញហើយ។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានបញ្ចេញរូបថតដែលបង្ហាញពី នាង មេជីឌីស ជួបជុំជាមួយគ្រួសាររបស់នាង ប៉ុន្តែយោធា ពុំបានផ្តល់ព័ត៌មានលម្អិតទាក់ទងនឹងកាលៈទេសៈ នៃការដោះលែងទាហាននារីនោះទេ។ ប៉ុន្មានថ្ងៃចុងក្រោយនេះ អ៊ីស្រាអែលបានបង្កើនការវាយឆ្មក់ដោយថ្មើជើងនៅតំបន់ហ្កាហ្សា។
ការប្រកាសនេះបានធ្វើឡើងប៉ុន្មានម៉ោងបន្ទាប់ពីក្រុមហាម៉ាស ដែលជាក្រុមប្រដាប់អាវុធប៉ាឡេស្ទីន គ្រប់គ្រងតំបន់ហ្កាហ្សាបានបញ្ចេញវីដេអូដែលបង្ហាញពីចំណាប់ខ្មាំងបីនាក់ដែលនៅតែជាប់ជាឈ្លើយសឹកនៅក្នុងតំបន់ហ្កាហ្សានៅឡើយ ។
យោងតាមអាជ្ញាធរអ៊ីស្រាអែល មនុស្សជាង២៣០ នាក់ រួមទាំងទាហានអ៊ីស្រាអែល និងជនស៊ីវិល ព្រមទាំងជនបរទេស ត្រូវបានចាប់ធ្វើជាចំណាប់ថ្នូរក្នុងអំឡុងពេលនៃការវាយប្រហារថ្ងៃទី៧ ខែតុលា លើភាគខាងត្បូងអ៊ីស្រាអែលដោយក្រុមហាម៉ាស ៕
