ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) កាលពីថ្ងៃចន្ទ បានចោទប្រកាន់អ៊ុយក្រែន លោកខាងលិច និង សហរដ្ឋអាមេរិក ពីបទបង្កកុបកម្មប្រឆាំងអ៊ីស្រាអែល នៅអាកាសយានដ្ឋានម៉ាខាចកាឡា (Makhachkala) នៅទីក្រុង ដាចេស្តាន(Dagestan) កាលពីថ្ងៃចន្ទ ជាការចោទប្រកាន់ដែលទីក្រុងវ៉ាស៊ីនតោន ហៅថាមិនសមហេតុផល។

កងកម្លាំងសន្តិសុខបានឃុំខ្លួនមនុស្សជាង ៨០ នាក់ ចាប់តាំងពីឧបទ្ទវហេតុនេះ ដែលបានមើលឃើញក្រុមកុបកម្មនៅក្នុងតំបន់ដែលភាគច្រើនជាមូស្លីមបានកាន់កាប់ផ្លូវរត់កាលពីល្ងាចថ្ងៃអាទិត្យក្នុងការប៉ុនប៉ងឡោមព័ទ្ធយន្តហោះដែលបានហោះពីអ៊ីស្រាអែលមកដល់ប្រទេសរុស្ស៊ី។
លោកPutin បាននិយាយនៅក្នុងកិច្ចប្រជុំតាមទូរទស្សន៍ថា ព្រឹត្តិការណ៍នៅអាកាសយានដ្ឋានម៉ាខាចកាឡា កាលពីយប់មិញ ត្រូវបានញុះញុងតាមរយៈបណ្តាញសង្គមមិនតិចទេ ពីអ៊ុយក្រែន ដោយដៃ-ជើង របស់ទីភ្នាក់ងារសេវាកម្មពិសេសលោកខាងលិច។

ថ្លែងទៅកាន់សមាជិកជាន់ខ្ពស់នៃក្រុមប្រឹក្សាសន្តិសុខរបស់លោក លោក Putin បាននិយាយថាមានការប៉ុនប៉ង បង្កអស្ថិរភាពដល់សង្គមរុស្ស៊ី និងបានចោទប្រកាន់សហរដ្ឋអាមេរិកថាបានសាបព្រួសអស្ថិរភាពនៅមជ្ឈិមបូព៌ា។
លោកបានបន្ថែមថា ការអនុវត្តច្បាប់របស់រុស្ស៊ី ចាំបាច់ត្រូវចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ទាន់ពេលវេលា និងច្បាស់លាស់ បន្ទាប់ពីមានកុបកម្ម ដើម្បីការពារ សុខដុមរមនាអន្តរសាសនា។
ការអត្ថាធិប្បាយរបស់លោកប្រធានាធិបតីរុស្ស៊ីរូបនេះ ធ្វើឡើងបន្ទាប់ពីក្រសួងការបរទេសរបស់ទីក្រុងមូស្គូបានចោទប្រកាន់ទីក្រុងគីវ(Kyiv)ពីតួនាទីផ្ទាល់ក្នុងកុបកម្មនៅទីក្រុងដាចេស្តាន(Dagestan)៕
