ក្រុមអ្នករៀបចំ និងមន្ត្រីបាននិយាយថា ក្បួនដំណើរក្រុមជនអន្តោប្រវេសន៍ដ៏ធំ រួមមានពលរដ្ឋអាមេរិកកណ្តាល និងជនជាតិវ៉េណេហ្ស៊ុយអេឡា បានចាកចេញពីប្រទេសម៉ិកស៊ិកភាគខាងត្បូង កាលពីថ្ងៃចន្ទឆ្ពោះទៅកាន់សហរដ្ឋអាមេរិក ខណៈទីក្រុងវ៉ាស៊ីនតោន រកវិធីដោះស្រាយសម្ពាធបន្តថ្មី នៅព្រំដែនភាគខាងត្បូងរបស់ខ្លួន។
មន្ត្រីនៅរដ្ឋ Chiapas ភាគខាងត្បូង បាននិយាយថាមនុស្សប្រមាណ៣.៥០០នាក់ បានចាប់ផ្តើមធ្វើដំណើរដោយថ្មើរជើងពីទីក្រុង Tapachula ជិតព្រំដែនប្រទេសកាតេម៉ាឡា ខណៈអ្នករៀបចំក្រុមជនអន្តោប្រវេសន៍ម្នាក់ ឈ្មោះ Irineo Mujica បាននិយាយថា មានជនអន្តោប្រវេសន៍ប្រមាណ ៥.០០០នាក់ នៅក្នុងក្បួនដំណើរនេះ។

ភាគច្រើននៃក្រុមចុងក្រោយនេះ មកពីប្រទេសគុយបា អែលសាវ៉ាឌ័រ កាតេម៉ាឡា ហៃទី ហុងឌុយរ៉ាស់ និងប្រទេសវ៉េណេហ្ស៊ុយអេឡា។
ដោយត្រូវបានតាមអមដំណើរដោយមន្ត្រីការពារជនស៊ីវិល និងរថយន្តគិលានសង្គ្រោះ ជនអន្តោប្រវេសន៍ បានធ្វើដំណើរតាមផ្លូវហាយវ៉េតំបន់ឆ្នេរ អំឡុងពេលថ្ងៃត្រង់ ដោយមានផែនការចំណាយពេល១យប់ នៅក្នុងទីក្រុង Huehuetan ចម្ងាយប្រមាណ២៥គីឡូម៉ែត្រ ភាគខាងជើងពីកន្លែងដែលពួកគេបានចាប់ផ្តើមធ្វើដំណើរ។ លោក Mujica និយាយថា ជនអន្តោប្រវេសន៍ បានជ្រើសរើសដើម្បីចាកចេញពីទីក្រុង Tapachula ដោយសារតែការខកចិត្តអំពីការដែលមិនអាចទទួលបានទិដ្ឋាការមនុស្សធម៌។
ជនអន្តោប្រវេសន៍ជាច្រើនកំពុងភៀសខ្លួនចេញពីភាពក្រីក្រ អស្ថិរភាពនយោបាយ នៅប្រទេសកំណើតរបស់ពួកគេ ហើយនៅឆ្នាំនេះបានឃើញចំនួនជនអន្តោប្រវេសន៍យ៉ាងច្រើនកំពុងឆ្លងកាត់តំបន់ Darien Gap តភ្ជាប់ប្រទេសប៉ាណាម៉ា និងប្រទេសកូឡំប៊ី។
