ប្រទេសជប៉ុន បានដាក់ទណ្ឌកម្មថ្មីលើក្រុមបុគ្គល និងក្រុមហ៊ុនដែលពាក់ព័ន្ធនឹងក្រុមសកម្មប្រយុទ្ធហាម៉ាស ដែលមានមូលដ្ឋាននៅតំបន់ហ្គាហ្សា នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយក្រសួងការបរទេសជប៉ុន កាលពីថ្ងៃអង្គារ។

ទណ្ឌកម្មទាំងនោះ រួមមានការបង្កកទ្រព្យសម្បត្តិរបស់បុគ្គល និងក្រុមហ៊ុនដែលបានជួយផ្តល់មូលនិធិដល់ក្រុមហាម៉ាស ហើយស្របតាមទណ្ឌកម្មថ្មី ដែលបានប្រកាសដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក កាលពីដើមខែនេះ។
នេះគឺជាកញ្ចប់ទណ្ឌកម្មដំបូង ដែលប្រទេសជប៉ុន បានដាក់លើក្រុមហាម៉ាស ចាប់តាំងពីការផ្ទុះឡើងការវាយប្រហារដ៏សាហាវរបស់ខ្លួនកាលពីថ្ងៃទី៧ ខែតុលា ដែលអាជ្ញាធរអ៊ីស្រាអែល បាននិយាយថា បានសម្លាប់មនុស្សជាង ១.៤០០នាក់។
បុគ្គលដែលរួមមានប្រតិបត្តិករហាម៉ាស Muhammad Ahmad 'Abd Al-Dayim Nasrallah និង Ayman Nofal ត្រូវបានបញ្ចូលថ្មីទៅក្នុងបញ្ជីឈ្មោះរបស់មនុស្ស និងអង្គការដែលត្រូវបានចាត់ទុកថា ជាភេរវករដោយប្រទេសជប៉ុន។
