
ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ បានចាត់តាំងមន្ត្រី និងអ្នកសង្កេតការណ៍ស្ម័គ្រចិត្តជាង ៣៣០០នាក់ ដើម្បីសង្កេតការណ៍ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាខែវិច្ឆិកា ខាងមុខនេះ។
ដើម្បីទប់ស្កាត់បាតុភាពមិនប្រក្រតីនានា រាប់ទាំងបាតុភាពនៃអំពើពុករលួយ អង្គភាពប្រឆាំងអំពើពុករលួយ បានចាត់តាំងមន្ត្រីនគរបាលយុត្តិធម៌ចំនួន ២៩៧រូប និងអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត ចំនួន ៣.០៤០ រូប សម្រាប់សង្កេតការណ៍ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៦ វិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ។ នេះបើតាមលោក សយ ចាន់វិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយបានប្រាប់ទូរទស្សន៍ BTV ។
លោក សយ ចាន់វិចិត្រ បានបន្ថែមថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៣នេះ មានបេក្ខជនប្រឡងចំនួន ១៣៧.៤១២នាក់ ដោយបែងចែកជា ២២៧មណ្ឌល ត្រូវជា ៥.៥៤៣បន្ទប់ នៅទូទាំងប្រទេស។
លោក សយ ចាន់វិចិត្រ បានបន្ថែមទៀតថា អង្គភាពប្រឆាំងអំពើពុករលួយ បានបណ្ដុះបណ្ដាលអំពីតួនាទីភារកិច្ច និងសិទ្ធិរបស់អ្នកសង្កេតការណ៍ស្ម័គ្រចិត្ត និងច្បាប់នានា ដូចជា ក្រមព្រហ្មទណ្ឌ ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល សារាចរ ប្រកាស សេចក្តីណែនាំ បទបញ្ញត្តិ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តផ្សេងៗទៀត ដល់អ្នកសង្កេតការណ៍ស្ម័គ្រចិត្ត សម្រាប់អនុវត្តក្នុងពេលប្រឡង ដើម្បីធ្វើយ៉ាងណាធានាបាននូវតម្លាភាព យុត្តិធម៌សង្គម និងលទ្ធផលទទួលយកបានតាមស្មារតី អ្នកចេះគឺជាប់៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា