ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ បានឱ្យដឹងថា ស្ពានអាកាសព្រះមុនីវង្ស ប្រសព្វរវាងមហាវិថីព្រះមុនីវង្សមហាវិថីសម្តេចតេជោ ហ៊ុន សែន និងមហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវ២៧១) ដែលកំពុងសាងសង់គ្រោងនឹងបញ្ចប់ការសាងសង់មុនផែនការប្រមាណ០៤ខែ ពោលជំហានទី១ នឹងបញ្ចប់មុនចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២៤ ( ក្នុងគម្រោងខែសីហា ២០២៤ ) និងជំហានទី២ នឹងបញ្ចប់មុនចូលឆ្នាំប្រពៃណីជាតិ ឆ្នាំ២០២៥ ( ក្នុងគម្រោងខែសីហា ឆ្នាំ២០២៥ ) ។
ស្ពាននេះនឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយសម្រួលការធ្វើចរាចរណ៍ក្នុងរាជធានីភ្នំពេញបញ្ចៀសបានពីការកកស្ទះ ដែលមានកំណើនយានយន្ត និងការធ្វើចរាចរណ៍កាន់តែច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ។
ពលរដ្ឋអ្នកដំណើរ ក៏បានសម្តែងអារម្មណ៍រីករាយចំពោះសមិទ្ធផលថ្មីខាងលើនេះ ថ្វីត្បិតវាមិនទាន់សាងសង់រួចរាល់ក៏ពិតមែន ប៉ុន្តែពួកគាត់រំពឹងថា ស្ពាននេះនឹងជួយសម្រាលដល់ការកកស្ទះ ដែលពួកគាត់តែរមែងជួបជាប្រចាំ ។
សូមបញ្ជាក់ថា ស្ពានអាកាសខាងលើនេះ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC គ្រោងចំណាយថវិកាជាង៣៦លានដុល្លារ ។
បច្ចុប្បនេះនៅក្នុងរាជធានីភ្នំពេញ មានស្ពានអាកាសចំនួន៧ហើយ ដែលបានសាងសង់រួចរាល់ និងកំពុងប្រើប្រាស់ រួមមាន៖ ស្ពានអាកាសក្បាលថ្នល់ , ស្ពានអាកាស៧មករា , ស្ពានអាកាសស្ទឹងមានជ័យ , ស្ពានអាកាស៥មករា , ស្ពានអាកាសមិត្តភាពកម្ពុជា-ចិន សែនសុខ ឬហៅថា ស្ពានអាកាសផ្សារដីហ៊ុយ , ស្ពានអាកាសចោមចៅ និងស្ពានអាកាស ឫស្សីកែវ លើកំណាត់ផ្លូវជាតិលេខ០៥ ៕ អត្ថបទ ៖ លីហេង










