និស្សិតជំនាញកសិកម្មមកពីបណ្ដាសាកលវិទ្យាល័យនានា នៅរាជធានីភ្នំពេញជិត ៥០នាក់ បានមកធ្វើទស្សនកិច្ចសិក្សានៅ Angkor Wildlife & Aquarium អំពីចលនា និងការបម្លាស់ទីរបស់ត្រី ពិសេសត្រីទឹកសាបនៅកម្ពុជា។ ជាមួយគ្នានេះក្រុមនិស្សិតក៏បានស្វែងយល់ពី ជណ្តើរត្រី ដែលទើបស្ថាបនារួចរាល់ស្ថិតនៅភូមិស្លែង ក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប។
ទស្សនកិច្ចសិក្សានេះ ដឹកនាំដោយក្រុមការងារមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ (ACIAR) និងមានការចូលរួមជាមួយតំណាងមកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលជលផល។
ក្រុមនិស្សិតមកពីបណ្ដាសាកលវិទ្យាល័យនានាបានបង្ហាញក្ដីរីករាយដែលទទួលបានបទពិសោធថ្មីៗបន្ថែមទៀតពីក្រុមអ្នកជំនាញ និងបានមើលឃើញទិដ្ឋភាពការធ្វើចលនា និងបម្លាស់ទីរបស់ត្រីដោយផ្ទាល់នៅទីនេះ។
ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារជណ្ដើរត្រីបានបង្ហាញការគាំទ្រ ចំពោះគម្រោងការសាងសង់ជណ្ដើរត្រីនេះ និងបានប្ដេជ្ញាចិត្តចូលរួមសហការក្នុងការអនុវត្តគម្រោងនេះនៅពេលបន្តបន្ទាប់ខាងមុខទៀត។
សូមជម្រាបថា រដ្ឋាភិបាលអូស្ត្រាលីបានចូលរួមជាមួយតំណាងមកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលជលផល អាជ្ញាធរមូលដ្ឋាន និងប្រជាជន នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ ២០២៣ ខាងមុខនេះ នឹងធ្វើការសម្ពោធជណ្តើរត្រី ដែលទើបសាងសង់រួចរាល់ ស្ថិតនៅ ភូមិស្លែង ក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប។
ជណ្តើរត្រីភូមិស្លែងនេះ ជួយស្តារការផ្លាស់ទីរបស់ត្រី និងតភ្ជាប់ឡើងវិញនូវផ្លូវទឹកដែលល្អ រវាងបឹងទន្លេសាប និងសហគមន៍មូលដ្ឋាននៅតាមដងទន្លេ និងផ្លូវនេសាទ ដែលផ្តល់អត្ថប្រយោជន៍ដល់ពួកគេទាំងផ្នែកសង្គម និងសេដ្ឋកិច្ច។ ជណ្តើរត្រីនេះផងដែរ នឹងជួយកាត់បន្ថយផលប៉ះពាល់បណ្តាលមកពីការអភិវឌ្ឍប្រព័ន្ធធារាសាស្រ្ត ដូចជានិយតករ ទំនប់ទឹក ទៅលើការផ្លាស់ទីរបស់ត្រី៕ អត្ថបទ៖ វ៉ន ដារ៉ា




