ភ្នំពេញ៖ ស្នាដៃផលិតករវ័យក្មេង Peace Chong មានចំណងជើងថា «គិតម៉េចឡូវ? NOW WHAT» ប្រកាសជាប់ជ័យលាភីលេខ០១ ក្នុងពិធីបិទមហោស្រពភាពយន្តខ្លីចតុមុខ ឆ្នាំ២០២៣ ជំនាន់ទី១២ នៅរាត្រី ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ នៅ Legend Premium Cinema Olympia។
ថ្លែងក្នុងពិធីបិទមហោស្រពភាពយន្ត ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈថា ការចូលរួមទាំងផ្នែករដ្ឋ វិស័យឯកជន និងដៃគូពាក់ព័ន្ធ គឺជាការចាំបាច់ណាស់ ដើម្បីយើងពុះពារទាំងអស់គ្នា។ ហើយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ខិតខំជួយដើម្បីគាំទ្រដល់វិស័យភាពយន្ត ក្នុងទិសដៅមួយឲ្យព្រះរាជាណាចក្រកម្ពុជា ក្លាយជាដែនដីនៃការផលិតភាពយន្តជាតិ និងអន្តរជាតិ។
ចំណែកផលិតករវ័យក្មេង Peace Chong ជាប់ជ័យលាភីលេខ០១ ក្នុងការប្រកួតមហោស្រពភាពយន្តខ្លី មានអារម្មណ៍សប្បាយរីករាយ ដែលគំនិតរបស់លោកត្រូវបានគណៈកម្មាធិការមេប្រយោគទទួលស្គាល់។ លោកក៏សង្ឃឹមថា អ្វីដែលលោក រួមនិងក្រុមការងារបានផលិតឡើង និងផ្តល់សារជូនដល់អ្នកគាំទ្រ។
បើតាមលោក ស៊ុ ស៊ីថែន ប្រធានមហោស្រព និងស្ថាបនិកក្រុមភាពយន្តឈូករ័ត្ន បានឲ្យដឹងថា ក្រុមការងារភាពយន្ត ឈូករ័ត្ន ឈានដល់របត់ថ្មី នៃការរៀបចំកម្មវិធីនៅរក្សាបេសកកម្មដដែរ។ តាមរយៈការរៀបចំមហោស្រពឆ្នាំនេះ បានចែករំលែកបទពិសោធន៍៧ចំណុច ដែលប្លែកពីជំនាន់មុនៗនៃមហោស្រពភាពយន្តខ្លី ចតុមុខ ដោយនៅក្នុងនោះរួមមាន៖ ជំនាន់ទី១២ យើងទទួលបានភាពយន្តខ្លីបានច្រើន ទោះបីរឿងក្នុងស្រុក តិច ជាងបរទេស បន្តិច ខុសពីឆ្នាំមុន។ តែគុណភាពរឿងសុទ្ធតែល្អៗ ហើយប្រធានបទ ស្រដៀង ឆ្នាំមុនៗគឺទាក់ទង នឹងរឿង«គ្រួសារ» និង «អត្តសញ្ញាណផ្ទាល់ខ្លួន»។ ភាពយន្តឯកសារ នៅបន្តទទួលទាំងក្នុងស្រុក និងក្រៅស្រុក ជាពិសេស ពីដៃគូសហគមន៍ ចំនួន២ គឺ៖ ដេប៉ាតឺម៉ង់ផ្សព្វផ្សាយ និងសារគមនាគមន៍ និងមជ្ឈមណ្ឌលសោតទស្សន៍បុប្ផាណា៕អត្ថបទ៖ រដ្ឋា









