ភ្នំពេញ ៖ ទោះបីស្ថានភាពជំនន់ទឹកភ្លៀងមកដល់ពេលនេះ បានថមថយស្រកចុះទៅវិញនៅតំបន់មួយចំនួនហើយក៏ដោយ ប៉ុន្តែគិតមកដល់ វេលាម៉ោង១១:២៩នាទីព្រឹកថ្ងៃទី២០ តុលានេះ សប្បុរសជននានា នៅតែបន្តចូលរួមជាមួយរាជរដ្ឋាភិបាលដោយបរិច្ចាគនូវថវិកាផ្ទាល់ខ្លួន ដើម្បីជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងសរុបថវិកា បានចំនួនជាង៧លានដុល្លារអាមេរិកហើយ។
តាមរយៈហ្វេសប៊ុករបស់សម្តេច នៅវេលាម៉ោង១១:២៩ នាទីព្រឹកថ្ងៃទី២០តុលា សម្តេចនៅតែបង្ហាញការអរគុណចំពោះសប្បុរសជនដែលបាន ចូលរួមជាបន្តបន្ទាប់ជួយប្រជាជន ក្នុងគ្រោះជំនន់ទឹកភ្លៀងដែលកំពុង កើតមាននៅក្នុងប្រទេស។
សម្តេចតេជោ បានបញ្ជាក់ថា គិតត្រឹមម៉ោង ១១:២៩ នាទីព្រឹក ថ្ងៃទី២០ តុលា ២០២០ នេះថវិកាទទួលបាន ៧.១៧០.៥៤៩ ដុល្លារ , ៦២៧.០២៥.០០០ រៀល និង ៥.០០០€ (ប្រាំពាន់អឺរ៉ូ) និងអង្ករ១០០តោន។
ជាមួយនឹងការបង្ហាញនាមសប្បុរសជនជាច្រើនដែលមានរហូតដល់លេខរៀង១៦៣ ហើយនោះសម្តេច បានបញ្ជាក់ថា ថវិកាដែលសប្បុរសជនចូលរួមនេះ នឹងចាត់ចែងជួយសង្គ្រោះបន្ទាន់តាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
ក្នុងករណីមានសប្បុរសជនចង់ចូលរួមបន្ថែមទៀតសូមទាក់ទងលោកសេង ទៀង រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី។ ជាមួយនឹងមោទនភាពជាតិដែលតែងតែប្រកាន់ខ្ជាប់នូវវប្បធម៌ចែករំលែកនេះ សម្តេចនៅតែបញ្ជាក់នូវសុភាសិតមួយឃ្លាថា (ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក)៕
អត្ថបទ ៖ មុត សុត






