ស៊ីហ្គេម៖ ការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នៅរដ្ឋធានីហាណូយនាចុងឆ្នាំ២០២១ កំពុងប្រឈមនឹងការប្រកាសពន្យារពេលលើកដំបូងដោយសារវិបត្តិកូវីដ-១៩ បន្ទាប់ពីម្ចាស់ផ្ទះវៀតណាមបានជូនដំណឹងនេះ ដល់បណ្ដាប្រទេសសមាជិកអាស៊ានរួចរាល់កាលពីថ្មីៗ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC)។
ឯកឧត្ដម វ៉ាត់ ចំរើន បានឲ្យដឹងថា គណៈកម្មាធិការជាតិអូឡាំពិកវៀតណាម បានផ្ញើលិខិតដល់បណ្ដាប្រទេសសមាជិកអាស៊ានរួចហើយ អំពីផែនការរបស់ខ្លួនដែលចង់ពន្យារពេលការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ ឆ្នាំ២០២១ រហូតដល់ខែកក្កដា ឆ្នាំ២០២២។ ប៉ុន្តែព័ត៌មានស្ដីពីកការពន្យារពេលនេះនៅមិនទាន់ផ្លូវការនោះទេ ដោយរង់ចាំកិច្ចប្រជុំរបស់គណៈអចិន្ត្រៃយ៍សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ជាមុនសិន។ រដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែលបន្ដថា កិច្ចប្រជុំរបស់គណៈអចិន្ត្រៃយ៍សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍នេះ នឹងធ្វើឡើងតាមប្រព័ន្ធអនឡាញ នារសៀលថ្ងៃទី៩ ខែមិថុនាស្អែក ដែលនឹងមានការចូលរួមពីគ្រប់ថ្នាក់ដឹកនាំគណៈកម្មាធិការជាតិអូឡាំពិកនៅអាស៊ាន រួមទាំងកម្ពុជាផងដែរ ហើយវៀតណាមនឹងដាក់បញ្ហានៃការពន្យារពេលនេះក្នុងអង្គប្រជុំ ដើម្បីសួរយោបល់ពីបណ្ដាប្រទេសសមាជិក មុននឹងធ្វើការសម្រេច។
យ៉ាងណាមិញមុនការប្រកាសព័ត៌មានផ្លូវការ ពាក់ព័ន្ធនឹងការពន្យារពេលព្រឹត្តិការណ៍ប្រចាំតំបន់នេះ គេឃើញមានសារព័ត៌មានវៀតណាមមួយចំនួនបានធ្វើការចុះផ្សាយថា ម្ចាស់ផ្ទះវៀតណាមបានសម្រេចពន្យារពេលការប្រកួតកីឡាស៊ីហ្គេមនេះហើយ ដោយលើកទៅការប្រកួតនាអំឡុងខែកក្កដា ឆ្នាំ២០២២ វិញ ពោលគឺដូចទៅនឹងសេចក្ដីជូនដំណឹងរបស់គណៈកម្មាធិការជាតិអូឡាំពិកវៀតណាម ផ្ញើជូនប្រទេសសមាជិកអាស៊ានទាំងអស់ដែរ។ សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅរដ្ឋធានីហាណូយ ដែលជាស៊ីហ្គេមយុទ្ធសាស្ត្រឆ្ពោះទៅស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា តាមគម្រោងត្រូវដំណើរការប្រកួតពីថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ ខាងមុខ ដោយវៀតណាមបានកំណត់កីឡាចំនួន ៤០ប្រភេទសម្រាប់ធ្វើការប្រកួតប្រជែង។ ប៉ុន្តែដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ទាំងក្នុងប្រទេស និងតំបន់ពុំទាន់ធូរស្រាល ទើបវៀតណាមពិចារណាពីការពន្យារពេលការប្រកួតទៅឆ្នាំក្រោយបែបនេះ៕
អត្ថបទ៖ លី ឈុនឡា