ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ចថ្លែងថា រាជរដ្ឋា ភិបាលកម្ពុជាកំពុងអនុវត្តយ៉ាងពេញលេញនូវអនុសញ្ញាស្ដីពីសិទ្ធិជនពិការ ដោយកំពុងចាត់គ្រប់វិធានការណ៍ ដើម្បីប្រែក្លាយសិទ្ធិដែលមានចែងក្នុងអនុសញ្ញាឱ្យក្លាយជាការ ពិតដើម្បីធានានិងលើកស្ទួយសិទ្ធិមនុស្សនិងសេរីភាពជាសារវន្តទាំងអស់សម្រាប់ជនមានពិការភាព ដោយគ្មានការរើសអើងចំពោះជនមានពិការ ភាពណាមួយឡើយ រួមទាំងស្រ្តីនិងកុមារមានពិការភាព។
ក្នុងខណះបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «សិទ្ធិទទួលបានយុត្តិធម៌សម្រាប់ជនមានពិការភាពក្នុងប្រព័ន្ធយុត្តិធម៌» នាថ្ងៃទី៣១ តុលាឆ្នាំ២០២៣ នេះ នៅក្នុងសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ដែលរៀបចំឡើងដោយការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិ មនុស្សប្រចាំកម្ពុជាសហការជាមួយក្រុមប្រឹក្សាសកម្មភាពជនពិការ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេ ខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ឯកឧត្តម ឯម ច័ន្ទមករា បានបញ្ជាក់ថា បន្ទាប់ពីក្លាយទៅជារដ្ឋភាគីនៃអនុ សញ្ញាស្ដីពីសិទ្ធិជនពិការ កម្ពុជាបានធ្វើការយ៉ាងខ្លាំងដើម្បីជំរុញដល់សិទ្ធិជនមានពិការភាពនៅកម្ពុជា។ ក្រៅពីនេះអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការបានសហការជាមួយដៃគូអភិវឌ្ឍនានា រួមទាំងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិ មនុស្សប្រចាំនៅកម្ពុជា ដើម្បីបង្កើនការយល់ដឹងអំពីការងារពិការភាព សេវាជំនួយផ្លូវច្បាប់ដល់មន្ត្រីយុត្តិធម៌ និងជនមានពិការភាព សំដៅធានាដល់ការទទួលស្គាល់ភាពស្មើគ្នាចំពោះមុខច្បាប់ ការទទួលបានយុត្តិធម៌ សិទិ្ធសេរីភាព និងសន្តិសុខបុគ្គល ព្រមទាំងសិទ្ធិចាកផុតពីការធ្វើបាបឬការធ្វើអំពើឃោរឃៅអមនុស្សធម៌ ឬបន្ទាបបន្ថោក ឬការដាក់ទារុណកម្មលើជនមានពិការភាពជាដើម ។
ឯកឧត្តមបន្ថែមដោយជម្រុញឲ្យរួមមគ្នាផ្តល់នូវសេរីភាពដល់ជនមានពិការភាពឱ្យចាកផុតពីការកេងប្រវ័ញ្ច អំពើហឹង្សា និងការរំលោភបំពាន រួមទាំងផ្តល់កិច្ចការពារសុចរិតភាពនៃបុគ្គល សិទ្ធិសេរីភាពនៃការផ្លាស់ប្តូរទីលំនៅ សញ្ជាតិ ការរស់នៅដោយឯករាជ្យ និងការធ្វើបរិយាបន្នជនមានពិការ ភាពទៅក្នុងសហគមន៍ និងគ្រប់វិស័យផងដែរ ។ ឯកឧត្តម បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុក ដាក់និងធ្វើការការពារនូវសិទ្ធិក្នុងការចល័តទីផ្ទាល់ខ្លួនរបស់ជនមានពិការភាព ហើយបានផ្តល់នូវសេរីភាពនៃការបញ្ចេញមតិយោបល់ រួមទាំងសិទ្ធិក្នុងការធ្វើជាម្ចាស់ក្នុងអចលនទ្រព្យ ឬសន្តតិកម្ម ដែលមានសិទ្ធិត្រួតពិនិត្យកិច្ច ការហិរញ្ញវត្ថុផ្ទាល់ខ្លួន សិទ្ធិទទួលបានការចុះបញ្ជីអត្រានគោលដ្ឋាន អត្តសញ្ញាណបណ្ណ និងបណ្ណបើកបរជាដើម។ បន្ថែមលើសពីនេះ ជនមានពិការភាពកម្ពុជាក៏មានសិទ្ធិទទួលបានព័ត៌មាន សិទ្ធិទទួលការគោរពសិទ្ធិជាបុគ្គល ការគោរពលំនៅដ្ឋាន និងគ្រួសារ សិទ្ធិទទួលបានការអប់រំ សិទ្ធិទទួលការមើលថែសុខភាព និងស្តារលទ្ធភាពពលកម្ម សិទ្ធិទទួលបានការងារនិងមុខរបរ ដើម្បីមានជីវភាពសម រម្យ រួមទាំងកិច្ចគាំពារសង្គមដែលកំពុងត្រូវបានអនុវត្ត។ហើយរាជរដ្ឋាភិបាលកម្ពុជាបានធ្វើការយ៉ាងខ្ជាប់ខ្ជួនក្នុងការការពារនូវសិទ្ធិក្នុងការចល័តទីផ្ទាល់ ខ្លួនរបស់ជនមានពិការភាព រួមទាំងបានផ្តល់នូវសេរីភាពនៃការបញ្ចេញមតិយោបល់ និងសិទ្ធិក្នុងការធ្វើជាម្ចាស់អចល នទ្រព្យ ឬសន្តតិកម្មដែលមានសិទ្ធិត្រួតពិនិត្យកិច្ចការហិរញ្ញ វត្ថុផ្ទាល់ខ្លួនសិទ្ធិទទួលបាន ការ ចុះបញ្ជីអត្រានគោលដ្ឋានអត្តសញ្ញាណបណ្ណនិងបណ្ណបើកបរជាដើម។
នៅក្នុងឪកាសនោះលោកស្រី រួអេដា អេលហាច តំណាងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួល បន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា បានមានប្រសាសន៍ដែរថា កាលពី១១ឆ្នាំមុន ប្រទេសកម្ពុជា បានផ្តល់សច្ចាប័នលើអនុសញ្ញាស្តីពីសិទ្ធិជនពិការ។ អនុសញ្ញានេះ មានការទទួលស្គាល់ និងអនុវត្តតាមការងារជាច្រើនទសវត្សរ៍របស់អង្គការសហ ប្រជាជាតិ ដើម្បីផ្លាស់ប្តូរអាកប្បកិរិយា និងវិធីសាស្រ្តចំពោះជនពិការ។ លោកស្រីបន្តថា ការទទួលបានយុត្តិធម៍គឺជាផ្នែកមួយដ៏សំខាន់ក្នុងការធានានូវភាពរីករាយនៃសិទ្ធិ ហើយអនុសញ្ញាស្តីពីសិទ្ធិជនពិការផ្តល់ក្របខ័ណ្ឌ ដ៏រឹងមាំមួយសម្រាប់រឿងនេះ។ នេះចាប់ផ្តើមជាមួយនឹងសិទ្ធិក្នុងការទទួលស្គាល់ស្មើគ្នាចំពោះមុខច្បាប់។ នេះជាសិទ្ធិកម្រិតមួយដែលតម្រូវឱ្យជនពិការអាចទទួលបានសិទ្ធិចូលរួមរបស់ខ្លួនក្នុងនាមជាចុងចោទ ជនរងគ្រោះ ឬសាក្សី។
សូមរំឮកជូនថា ព្រះរាជាណាចក្រកម្ពុជាបានផ្ដល់សច្ចាប័នលើអនុសញ្ញាស្តីពីសិទ្ធិជនពិការ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០១២និងចូលជាធរមាននៅថ្ងៃទី១៩ ខែមករា ឆ្នាំ ២០១៣ ។ បច្ចុប្បន្ននេះ ជនមានពិការភាពចំនួន ២៨៨ ៦៩០នាក់ ត្រូវបានកំណត់អត្តសញ្ញាណកម្ម ដោយជនបង្គោលឃុំសង្កាត់ នៅទូទាំងប្រទេស ហើយត្រូវបានក្រសួងសង្គមកិច្ចបានផលិតហើយផ្តល់បណ្ណសម្គាល់ជនមានពិការភាព បានចំនួន ២២២ ១៤៨ បណ្ណ៕ អត្ថបទ÷ភារម្យ








