ទីភ្នាក់ងារសារព័ត៌មាន ផ្លូវការស៊ីនហួ (Xinhua)បានរាយការណ៍ថា ប្រទេសចិនប្រារព្ធពិធីបុណ្យឈាបនកិច្ចសព អតីតនាយករដ្ឋមន្ត្រី លី ឃឺឈាង(Li Keqiang) នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះនៅពេលទង់ជាតិ នឹងត្រូវបង្ហូតពាក់កណ្ដាលដង នៅទូទាំងប្រទេស ជាការកាន់មរណទុក្ខសម្រាប់មេដឹកនាំដ៏ឈ្លាសវៃរូបនេះ ។

លោក Li អតីតសេដ្ឋវិទូ និងមេដឹកនាំគាំទ្រការធ្វើកំណែទម្រង់ ដែលកាន់តំណែង ជានាយករដ្ឋមន្ត្រីរយៈពេល១០ឆ្នាំ មុនពេលលោកចូលនិវត្តិកាលពីខែមីនា បានទទួលមរណភាពដោយសារគាំងបេះដូង កាលពីថ្ងៃសុក្រសប្ដាហ៍មុនក្នុងវ័យ៦៨ឆ្នាំ។
ទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួ បានរាយការណ៍ថា សពរបស់លោក ត្រូវបានបញ្ជូនទៅកាន់ទីក្រុងប៉េកាំង ពីទីក្រុងសៀងហៃ តាមជើងយន្តហោះពិសេសនៅថ្ងៃនោះ។

ទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួ បាននិយាយនៅថ្ងៃអង្គារនេះដោយសំដៅទៅលើបក្សកុម្មុយនិស្តចិនថា លោកត្រូវបានគេកោតសរសើរថាជាសមាជិកបក្សដ៏ឆ្នើមមួយរូប ជាទាហានកុម្មុយនិស្តដ៏ស្មោះត្រង់មួយរូប ដែលត្រូវបានសាកល្បង និងស្មោះត្រង់ និងជាអ្នកបដិវត្តន៍និយមដ៏ឆ្នើម ជារដ្ឋបុរស និងជាមេដឹកនាំនៃបក្ស និងរដ្ឋ។
នៅថ្ងៃបូជាសព ទង់ជាតិនឹងត្រូវបង្ហូតរពាក់កណ្តាលដងដើម្បីកាន់ទុក្ខជូនលោក Li នៅទីលាន ធានអានមិន (Tiananmen) របស់រដ្ឋធានីប៉េកាំង នៅសាលប្រជាជន ក្រសួងការបរទេស ព្រមទាំងអាសនៈរបស់រដ្ឋាភិបាលក្នុងតំបន់ទូទាំងប្រទេស និងអគារបេសកកម្មការទូត។
យោងតាមការចុះផ្សាយរបស់សារព័ត៌មានស៊ីនហួ កាលពីសប្តាហ៍មុន មរណភាពរបស់លោក Li គឺជាការខាតបង់ដ៏ធំធេងសម្រាប់បក្សកុម្មុយនិស្ត និងប្រទេសជាតិ៕