នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃចន្ទថា យុទ្ធនាការតាមដីគោករបស់ប្រទេសអ៊ីស្រាអែល នៅក្នុងតំបន់ហ្កាហ្សា បានបង្កើតលទ្ធភាពសម្រាប់ការដោះលែងចំណាប់ថ្នូរជាង ២០០នាក់ ដែលត្រូវបានចាប់ខ្លួនដោយក្រុមសកម្មប្រយុទ្ធហាម៉ាស់។

លោក Netanyahuបាននិយាយក្នុងការឆ្លើយតបទៅនឹងសំនួររបស់អ្នកសារព័ត៌មានក្នុងទីក្រុង Tel Aviv ថា យើងគិតថានេះគឺជាវិធីសាស្ត្រមានការរំពឹងទុក ដែលលោកនិយាយថាយុទ្ធនាការនេះ បានដាក់សម្ពាធលើក្រុមហាម៉ាស់។
អ៊ីស្រអែល បាននិយាយកាលពីថ្ងៃចន្ទថា កងកម្លាំង បានដោះលែងទាហានម្នាក់ ដែលត្រូវបានកំណត់អត្តសញ្ញាណឈ្មោះ Ori Megidish ពីការចាប់ជាចំណាប់ថ្នូររបស់ក្រុមហាម៉ាស់អំឡុងការវាយលុកតាមដីគោកនៅក្នុងតំបន់ហ្កាហ្សា។
នៅក្នុងសុន្ទកថា ដែលបានរៀបចំមុនពេលលោកទទួលសំណួរ លោក Netanyahu បាននិយាយថា អ៊ីស្រាអែលពុំបានត្រៀមខ្លួនដើម្បីព្រមព្រៀងចំពោះបទឈប់បាញ់ជាមួយក្រុមហាម៉ាស់នោះទេ។

ការវាយលុកតាមដីគោកទ្រង់ទ្រាយធំរបស់អ៊ីស្រាអែល នៅក្នុងតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីន បានបង្កឲ្យមានការអំពាវនាវពីអន្តរជាតិបន្ថែមទៀត សម្រាប់ជនស៊ីវិល ឲ្យត្រូវបានការពារនៅក្នុងតំបន់ហ្កាហ្សា ជាកន្លែងដែលពលរដ្ឋប៉ាឡេស្ទីន ត្រូវការជាខ្លាំង ប្រេងឥន្ធនៈ ស្បៀងអាហារ និងទឹកស្អាត ខណៈសង្គ្រាមឈានចូលដល់សប្តាហ៍ទី៤។