បាល់ទាត់៖ ឥន្ទ្រីដែកអាល្លឺម៉ង់បានបំបាក់ក្រុមឡេតូនីដោយលទ្ធផលធំធេង ៧-១ ក្នុងជំនួបមិត្តភាពអន្តរជាតិចុងក្រោយ មុនព្រឹត្តិការណ៍បាល់ទាត់ជើងឯកទ្វីបអឺរ៉ុប Euro ២០២០ ឈានមកដល់ចុងសប្ដាហ៍នេះ។
ខ្សែប្រយុទ្ធ Bayern Munich ដែលត្រូវបានកោះហៅចូលក្រុមជំរើសជាតិអាល្លឺម៉ង់សារជាថ្មី Thomas Muller រកបាន ១គ្រាប់ក្នុងការប្រកួតនេះ ដែលជាគ្រាប់ដំបូងក្នុងរយៈពេលជាង ២ឆ្នាំ។ វគ្គទី១ អាល្លឺម៉ង់រកបានគ្រាប់នាំមុខដល់ទៅ ៥-០ ដោយគ្រាប់បាល់របស់ Robin Gosen, Ilkay Gundogan, Thomas Muller, Serge Gnabry និងគ្រាប់បាល់ចូលទីខ្លួនឯងរបស់ក្រុមឡេតូនី។ វគ្គទី២ ខ្សែប្រយុទ្ធ Chelsea, Timo Werner និង Leroy Sane រកបានម្នាក់ ១គ្រាប់ទៀត។
ប្រកួតនេះដែរប្រធានក្រុមអ្នកចាំទី Manuel Neuer ក៏បានក្លាយជាអ្នកចាំទីដំបូងរបស់អាល្លឺម៉ង់ ដែលបង្ហាញខ្លួនអោយក្រុមជំរើសជាតិបាន ១០០ប្រកួត។ ក្រុមអាល្លឺម៉ង់នឹងបើកទំព័រ Euro ២០២០ របស់ខ្លួន ដោយនឹងត្រូវជួបជាមួយក្រុមជើងឯកពិភពលោកបារាំងនៅថ្ងៃទី១៥ ខែមិថុនា មុនបន្តជួបព័រទុយហ្កាល់ និងហុងគ្រី។
អត្ថបទ៖នាង សុភាវុធ