អ្នកនាំពាក្យកងទ័ពហ្ស៊កដានី លោកឧត្តមសេនីយ៍ត្រី Mustafa Hiyari បាននិយាយថា ប្រទេសហ្ស៊កដានី បានស្នើឲ្យសហរដ្ឋអាមេរិក ដាក់ពង្រាយប្រព័ន្ធការពារដែនអាកាស Patriot នៅលើទឹកដីរបស់ខ្លួន។

លោកបានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ កាលពីថ្ងៃទី២៩ ខែតុលាថា៖«ប្រព័ន្ធនេះ គឺជាប្រព័ន្ធដែលមានតម្លៃថ្លៃហើយមិនមានវិធីដើម្បីទទួលបានវាដោយប្រើធនធានក្នុងស្រុកទេ»«យើងត្រូវការដៃគូយុទ្ធសា ស្ត្រ»។
លោកបានបន្ថែមថា៖«មានការគំរាមកំហែងមីស៊ីលបាលិស្ទិកដ៏ខ្លាំងក្លាប្រឆាំងនឹងប្រទេសហ្ស៊កដានី» ដោយពុំបានបញ្ជាក់ថាពួកវាទាំងនោះមកពីខាងណាទេ។

លោក Hiyari បាននិយាយថា ប្រទេសហ្ស៊កដានី មិនផ្តល់ទីតាំងសម្រាប់មូលដ្ឋានទ័ពអាមេរិកទេ ប៉ុន្តែសហរដ្ឋអាមេរិក មានវត្តមាននៅក្នុងប្រទេសនេះ ដើម្បីបណ្តុះបណ្តាលកងកម្លាំងហ្ស៊កដានី និងផ្តល់ការធ្វើឲ្យល្អប្រសើរឡើង និងការថែទាំដល់សម្ភារៈបរិក្ខារ។ នៅខែមករា ឆ្នាំ២០២១ ប្រទេសទាំងនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិ ដែលផ្តល់ឲ្យសហរដ្ឋអាមេរិកនូវ«ការចូលគ្មានការហាមឃាត់»ទៅកាន់មូលដ្ឋានជាក់លាក់មួយចំនួនរបស់ហ្ស៊កដានី។
កាលពីថ្ងៃអាទិត្យផងដែរ បញ្ជាការទូទៅនៃកងកម្លាំងប្រដាប់អាវុធហ្ស៊កដានី បានច្រានចោលការចោទប្រកាន់ថាយន្តហោះអាមេរិក កំពុងប្រើប្រាស់មូលដ្ឋានទ័ពអាកាសក្នុងស្រុក ដើម្បីផ្គត់ផ្គង់ដល់អ៊ីស្រាអែលនូវឧបករណ៍ និងគ្រាប់រំសេវសម្រាប់ប្រើប្រាស់ក្នុងសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស។