កីឡាករប្រណាំងកង់កូឡុំប៊ី Nairo Quintana នឹងត្រលប់មកចូលរួមការប្រកួតប្រណាំងកង់វិញនៅឆ្នាំ ២០២៤ ខាងមុខជាមួយក្រុមប្រណាំង Movistar បន្ទាប់ពីអវត្តមានពីក្រុមជិត ៤ ឆ្នាំ នេះបើតាមសេចក្តីប្រកាសរបស់ក្រុមប្រណាំងដែលមានមូលដ្ឋាននៅប្រទេសអេស្ប៉ាញមួយនេះ។

និយាយក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង Bogota ប្រទេសកូឡុំប៊ី Nairo Quintana បានបង្ហាញក្តីរីករាយចំពោះការវិលត្រលប់មកកាន់ក្រុម Movistar វិញ។
កីឡាករវ័យ ៣៣ ឆ្នាំរូបនេះ ធ្លាប់ឈ្នះការប្រកួតប្រណាំងកង់ជាច្រើន ជាពិសេសកម្មវិធីធំ Grand Tour ពីរលើករួមមាន Giro d’Italia នៅឆ្នាំ ២០១៤ និង Vuelta a Espana នៅឆ្នាំ ២០១៦។
កាលពីឆ្នាំ ២០២២ Nairo Quintana ក៏បានចូលរួមការប្រកួត Tour de France ផងដែរ ដោយទទួលបានចំណាត់ថ្នាក់លេខ ៦ តែក៏ត្រូវលុបចោលលទ្ធផលវិញក្រោយរកឃើញមានសារធាតុហាមឃាត់ក្នុងខ្លួន៕ អត្ថបទ៖នាង សុភាវុធ
