ភ្នំពេញ៖ វ៉ាក់សាំងចំនួន ១លានដូស ត្រូវបានដឹកជញ្ជូនមកដល់កម្ពុជានៅព្រឹកថ្ងៃនេះហើយ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីផ្ដល់វ៉ាក់សាំងជូនប្រជាពលរដ្ឋឱ្យបាន ១០លាននាក់នៅក្នុងឆ្នាំនេះ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់កាលពីយប់មិញថា វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ចំនួន ១លានដូស នឹងត្រូវដឹកជញ្ជូនមកដល់កម្ពុជានៅព្រឹកថ្ងៃនេះ ក្នុងនោះមានវ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន ៥០ម៉ឺនដូស និងវ៉ាក់សាំងស៊ីណូហ្វាមចំនួន ៥០ម៉ឺនដូស។
កម្ពុជាបានចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋទូទាំងប្រទេសចាប់តាំងពីថ្ងៃទី១០ ខែកុម្ភៈ ហើយបន្តរហូតមកដល់ថ្ងៃនេះ មានរយៈពេល ១១៨ថ្ងៃហើយ។
បើតាមរបាយការណ៍របស់ក្រសួងសុខាភិបាល កម្ពុជាសម្រេចបានការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានជាង ២៧ភាគរយហើយនៃគោលដៅរបស់រាជរដ្ឋាភិបាលចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ១០លាននាក់នៅត្រឹមឆ្នាំ២០២១នេះ៕

