
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានចុះហត្ថលេខាលើក្រឹត្យមួយ ជាមួយនឹងគោលដៅនៃកិច្ចប្រឹងប្រែងចម្បង ក្នុងការធានាឲ្យមានការអភិវឌ្ឍប្រកបដោយសុវត្ថិភាព និងស្ថិរភាព និងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ខណៈបច្ចេកវិទ្យា AIនេះ រីករាលដាលយ៉ាងឆាប់រហ័ស នៅទូទាំងពិភពលោក។
ក្រឹត្យនេះត្រូវបានចុះហត្ថលេខា កាលពីថ្ងៃចន្ទ (ទី៣០ ខែតុលា)។ ក្រឹត្យនេះស្វែងរកការប្តេជ្ញាចិត្តពីភ្នាក់ងាររដ្ឋាភិបាល និងក្រុមហ៊ុនឯកជន ដើម្បីធ្វើឲ្យប្រាកដថា AI មានសុវត្ថិភាព ស្ថិរភាព និងគួរឲ្យទុកចិត្ត។
តាមរយៈក្រឹត្យនេះ ទីភ្នាក់ងាររដ្ឋាភិបាលនឹងបង្កើតលក្ខណៈវិនិច្ឆ័យយ៉ាងតឹងរឹង សម្រាប់ការធ្វើតេស្តដែលធ្វើឡើងដោយក្រុមហ៊ុនឯកជន មុនពេលបច្ចេកវិទ្យា ឬប្រព័ន្ធរបស់ក្រុមហ៊ុនទាំងនោះ អាចត្រូវបានដាក់ឲ្យប្រើប្រាស់។ ការណ៍នេះ គឺដើម្បីធានាសុវត្ថិភាពនៃផលិតផលទាំងនោះ។ ក្រឹត្យនេះក៏អំពាវនាវឲ្យមានការអភិវឌ្ឍប្រកបដោយស្តង់ដារ ដោយការដាក់ស្លាកឲ្យបានច្បាស់លាស់នៃមាតិកា ដែលបង្កើតដោយ AI ។
លោក Biden បាននិយាយថា៖ «AI គឺនៅជុំវិញយើងទាំងអស់គ្នា។ ភាគច្រើន ជួយធ្វើឲ្យជីវិតរបស់យើងកាន់តែប្រសើរឡើង»។ ប៉ុន្តែលោកបានបន្ថែមថា៖ «ដើម្បីសម្រេចបាននូវការសន្យារបស់ AI និងចៀសវាងហានិភ័យនានា យើងត្រូវតែគ្រប់គ្រងបច្ចេកវិទ្យានេះឲ្យបាន»៕